បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូលោក Sergey Sobyanin បានរាយការណ៍ថា អ៊ុយក្រែនបានកំណត់គោល ដៅលើទីក្រុងមូស្គូ ជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកកាលពីថ្ងៃពុធបានជាច្រើនគ្រឿង។
នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើប៉ុស្តិ៍ Telegram របស់គាត់ មន្ត្រីជាន់ខ្ពស់រូបនេះបានបង្ហាញថាដ្រូន UAVs សរុបចំនួន២៨គ្រឿងត្រូវបានទម្លាក់នៅជិតទីក្រុងមូស្គូហើយ អភិបាលក្រុងមិនបានបញ្ជាក់អំពីចំនួននៃការបាត់បង់ជីវិតនិងការខូចខាតសម្ភារៈនៅលើដីនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ពីការលុកលុយ របស់យន្តហោះគ្មានមនុស្សបើកជាច្រើននៅទូទាំងប្រទេស រួមទាំងនៅក្នុងតំបន់ Orlov, Crimea, Ryazan, Kursk, Belgorod, Bryansk និង Lipetsk ផងដែរ។
យោងតាមការអាប់ដេត របស់ក្រសួងការពារជាតិបានឲ្យដឹងដែរ ថាពេញមួយថ្ងៃ យ៉ាងហោចណាស់យន្តហោះ គ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់ បាននៅលើទឹកដីរុស្ស៊ី ចន្លោះម៉ោង៤ព្រឹកដល់ម៉ោង១១និង៥០យប់ថ្ងៃពុធ។
គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា អាកាសយានដ្ឋាន Domodedovo, Zhukovsky និង Sheremetyevoរបស់ទីក្រុងមូស្គូ ក៏បានសម្រេចចិត្ត បញ្ឈប់ប្រតិបត្តិការ របស់ពួកគេជាបណ្តោះអាសន្ន ចំពេលមានការវាយឆ្មក់ តាមអាកាសទាំងនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
