ភ្នំពេញ ៖ កងម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកោះហៅយុវជនម្នាក់ជាជនស៊ីវិល បានបន្លំស្លៀកសំលៀកបំពាក់ឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិថត បង្ហោះលេងក្នុងបណ្តាញសង្គម Tik Tok។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាថ្ងៃ២ មិថុនាថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីប ស្លៀកពាក់ឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយ វិការមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិ ។
ក្រោយពីបានឃើញនូវ Tik Tok ខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវរកឃើញ និងកោះហៅមកសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ បុគ្គលនោះ មានឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតជាបានបង្ហោះនូវវីឌីអូរឃ្លីបក្នុងគណនី Tik Tok របស់ខ្លួនពិតប្រាកដមែន ក្នុងគោលបំណងចង់ឲ្យមានអ្នកមើលច្រើន ។

បុគ្គលខាងលើបានសារភាពថា ខ្លួនពិតជាបានយកឯកសណ្ឋាន នគរបាលរបស់ឪពុកខ្លួន ដែលជានគរបាល ការពារព្រំដែន បានទុកនៅក្នុងផ្ទះ យកមកពាក់រួចថតជាវីឌីអូរ បង្ហោះក្នុងគណនី Tik Tok របស់ខ្លួន ដោយពុំបានយល់ដឹងអំពីផ្លូវច្បាប់ និងការប៉ះពាល់ដល់កិត្តិយស របស់កងកម្លាំងនគរបាលជាតិ បន្ទាប់ពីបានដឹងថាខ្លួនខុស បុគ្គលខាងលើបានទៅកាត់សក់ឲ្យខ្លី ដើម្បី មិនចង់ឲ្យគេស្គាល់រូបខ្លួន ។
បន្ទាប់ពីបានធ្វើការសាកសួររួច បុគ្គលខាងលើបានធ្វើកិច្ចសន្យារាងចាល បញ្ឈប់ធ្វើសកម្មភាព ដែលប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាល និងសង្គមតទៅទៀត ៕
