បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីជាច្រើន ។ គោលដៅមានចាប់ពី Murmansk នៅតំបន់ Arctic រហូតដល់ Irkutsk នៅតំបន់ ស៊ីបេរី។ ក្រុងគៀវអះអាងថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាត ឬបំផ្លាញយន្តហោះយោធារុស្ស៊ីប្រមាណ ៤០ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ Tu-95 និង Tu-22 ផងដែរ។ ទីក្រុងម៉ូស្គូមិនបានផ្ទៀងផ្ទាត់ការអះអាងទាំងនេះទេ ដោយបញ្ជាក់ថា ភាគច្រើននៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលបានវាយប្រហារនោះ គឺត្រូវបានស្ទាក់ចាប់។
របាយការណ៍បង្ហាញថា ការវាយប្រហារនេះត្រូវបានប្រើយន្តហោះគ្មានមនុស្សបើកផ្ទុកសារធាតុផ្ទុះ ដែលបាញ់ចេញពីរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលត្រូវបាននាំយកមកក្នុងទឹកដីរុស្ស៊ីដោយសម្ងាត់។
លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃពុធ ដោយសរសេរថា ការហៅទូរស័ព្ទជាមួយលោក ពូទីន មានរយៈពេលជាងមួយម៉ោង ដោយពណ៌នាថាវាជា “ការសន្ទនាដ៏ល្អ” ។
លោក ត្រាំ បានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី “បាននិយាយ និងបញ្ជាក់ថា គាត់នឹងត្រូវឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះ នៅលើអាកាសយានដ្ឋាន”៕
ប្រែសម្រួលៈ ណៃ តុលា
