វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាន និយាយថា យន្តហោះធុនតូចចំនួន១គ្រឿង បានធ្លាក់កាលពីល្ងាចថ្ងៃចន្ទ ដែលមានបំណែកធ្លាក់នៅលើទីវាល កប់ខ្មោចមួយកន្លែង នៅក្រុង New Bedford ស្ថិតនៅភាគឦសាន នៃរដ្ឋ ម៉ាសាជូសិត សហរដ្ឋអាមេរិក ។
សាក្សីមួយរូបបានប្រាប់ ដល់សារព័ត៌មាន NBC10 Boston ថា យន្តហោះបានហោះ ដោយយឺតៗនៅពីលើផ្ទះ ជាច្រើនខ្នង ក្រោយមកបានធ្លាក់ចុះ ដោយមានសំឡេង”លាន់លឺខ្លាំង” នៅកន្លែងជនបទដែលជាវាល សម្រាប់កប់ខ្មោច នៅក្នុងក្រុងខាងលើ ។ គេឃើញតែពីឡុតម្នាក់គត់ ដែលនៅលើយន្តហោះនោះ ។ ស្ថានភាពរបស់គាត់ និងអ្វីដែលបង្កឡើង មិនទាន់ដឹងភ្លាមៗថាយ៉ាងម៉េចនោះទេ ។
គេបានដឹងថា យន្តហោះនោះ បានចាកចេញពីព្រលានយន្តហោះ នៅក្នុងតំបន់ New Bedford ដែលជា ប្រភេទយន្តហោះ Cessna 150 ។ នេះបើយោងតាម ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ដែលបានបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គម Twitter ដែលបានធ្វើការស៊ើបអង្កេត ទៅលើករណីធ្លាក់ យន្តហោះនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា