ព័ត៌មានជាតិ

ត្រីក្លាសេ និងត្រីខូចគុណភាពជាង១០តោន នាំចូលពីថៃ ត្រូវបានសមត្ថកិច្ចឃាត់ទុក

ភ្នំពេញ ៖ ត្រីក្លាសេ និងត្រីខូចគុណភាពប្រមាណជាង១០តោនដែលនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចឃាត់ទុកកាលពីថ្ងៃ១២ មិថុនា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

យោងតាមផេកស្នងការខេត្តបាត់ដំបង នាថ្ងៃ១៣ មិថុនានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន៤គ្រឿងដោយរកឃើញប្រភេទត្រីប្រា សរុបចំនួន១០តោននិង៥៥គីឡូក្រាម (ក្នុងនោះត្រីប្រាខូចគុណភាពចំនួន១តោន) ពោះត្រីប្រា១៥០គីឡូក្រាម ពងត្រីកាបចំនួន៥០០គីឡូក្រាម ត្រីឆ្កោរចំនួន៥០គីឡូក្រាម។

ក្រោយនាំអ្នកបើកបរមកកាន់ស្នងការដ្ឋាន ធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ។ ដោយឡែកត្រីប្រា ខូចគុណភាពចំនួន១តោន បានប្រគល់ជូន មន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល៕

To Top