ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក នៅតែមានគម្លាតឆ្ងាយពី កិច្ចព្រមព្រៀងពន្ធ បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងមេដឹកនាំទាំងពីរ

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរទៅមុខតិចតួចក្នុងការកាត់បន្ថយគម្លាត លើបញ្ហាពន្ធគយនៅឯកិច្ចប្រជុំកំពូល រវាងមេដឹកនាំទាំងពីរកាលពីថ្ងៃចន្ទ ដោយបង្ហាញការសង្ស័យលើការ រំពឹងទុកនៃកិច្ចព្រមព្រៀងកញ្ចប់ “អត្ថប្រយោជន៍ទៅវិញទៅមក” យ៉ាងឆាប់រហ័ស ដែលអាចការពារវិស័យរថយន្ត ដែលមានសារៈសំខាន់ទាំងអស់របស់ប្រទេសជប៉ុន។

បន្ទាប់ពីអង្គុយជជែកជាមួយលោក ត្រាំ អស់រយៈពេល ៣០ នាទីនៅ Rockies របស់ប្រទេសកាណាដា លោក Ishiba បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលមានសក្តានុពលណាមួយគួរតែបម្រើផលប្រយោជន៍របស់ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីទ្វេភាគី នឹងបន្តស្វែងរកកិច្ចព្រមព្រៀងបែបនេះ។

កិច្ចប្រជុំដែលធ្វើឡើងនៅគែម នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង៧ នៅ Kananaskis បានផ្តល់ការមើលឃើញពីការលំបាកដែលសម្ព័ន្ធមិត្តបានជួបប្រទះ ជាយូរមកហើយក្នុងការជួបពាក់កណ្តាលផ្លូវ ខណៈដែលការដាក់ពន្ធរបស់លោក ត្រាំ លើអ្វីៗគ្រប់យ៉ាងចាប់ពីរថយន្ត និងគ្រឿងបន្លាស់រថយន្ត រហូតដល់ដែកថែប និងអាលុយមីញ៉ូម បានបង្កើនការព្រួយបារម្ភអំពីសេដ្ឋកិច្ចជប៉ុន ដែលជំរុញការនាំចេញ។

ខណៈពេលដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យប្រទេសជប៉ុន និងប្រទេសដទៃទៀតនូវការបន្ធូរបន្ថយរយៈពេល ៩០ ថ្ងៃពីអ្វីដែលខ្លួនហៅថាពន្ធគយបដិកា ឬពន្ធគយ “ទៅវិញទៅមក” លោក Ishiba មិនបានលើកឡើងនោះទេថាតើរូបលោក និងលោក ត្រាំ បានពិភាក្សាអំពីលទ្ធភាពនៃការពន្យារពេលនេះទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានណែនាំថាការផ្អាកអាចត្រូវបានពង្រីក សម្រាប់ដៃគូពាណិជ្ជកម្មដែលចូលរួមក្នុងការចរចាដោយ “សុច្ឆន្ទៈ” ។

លោក Ishiba បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី អ្វីដែលលោកបានពិពណ៌នាថាជាការពិភាក្សា “ដោយស្មោះត្រង់” ជាមួយលោក ត្រាំ ថា “យើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាកញ្ចប់មួយនោះទេ ពីព្រោះយើងនៅដាច់ពីគ្នាលើទិដ្ឋភាពជាក់លាក់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

គួរបញ្ជាក់ថា ក្នុងចំណោមពន្ធនាំចូលដែលបានដំឡើងពន្ធ ២៥ ភាគរយលើរថយន្តត្រូវបានគេមើលឃើញថា ជាចំណុចជាប់គាំង។ វិស័យរថយន្តបង្កើតបានជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជប៉ុន ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់ សម្រាប់ក្រុមហ៊ុន Toyota Motor Corp ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top