ព័ត៌មានអន្តរជាតិ

ចិនថា ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បានបំផ្លាញភាពទុកចិត្តរបស់សហរដ្ឋអាមេរិក និងជាការរំលោភលើបទដ្ឋានអន្តរជាតិ

xinhua

បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា សហរដ្ឋអាមេរិកបានបំផ្លាញភាពជឿជាក់របស់ខ្លួន ដោយការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បាននិយាយថា ការវាយប្រហារនេះជាការរំលោភលើបទដ្ឋានអន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបានយល់ព្រមលើបទឈប់បាញ់មួយ បន្ទាប់ពីមានអរិភាពជិតពីរសប្តាហ៍ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារ “ទុកជាមុន” លើទឹកដីអ៊ីរ៉ង់ និងលើបុគ្គលិកដែលភ្ជាប់ទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយអះអាងថា ទីក្រុងតេហេរ៉ង់ ជិតបង្កើតបានអាវុធបរមាណូ។ សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការកាលពីចុងសប្តាហ៍ ដោយទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ជាច្រើនកន្លែង។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ លោក Fu បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង “បំផ្លាញ” ភាពជឿជាក់របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ “ទាំងក្នុងនាមប្រទេស និងជាអ្នកចូលរួមក្នុងការចរចាអន្តរជាតិណាមួយ” ។

ក្រសួងការបរទេសចិនបានបន្ថែមថា ការវាយប្រហារនេះបានរំលោភច្បាប់អន្តរជាតិ។ អ្នកនាំពាក្យលោក Guo Jiakun បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បង្កើតបានជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ”។

លោក Guo បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងបានត្រៀមលក្ខណៈដើម្បីពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយភាគីទាំងអស់ ដើម្បី “ដើរតួនាទីស្ថាបនាក្នុងការស្តារសន្តិភាពនៅមជ្ឈិមបូព៌ា”៕

ប្រែសម្រួលៈ ណៃ តុលា

To Top