ព័ត៌មានអន្តរជាតិ

តួកគីពន្យារពេល ទទួលយកកញ្ចប់ទី២ នៃប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400

បរទេស: ប្រធាននាយកដ្ឋាន ឧស្សាហកម្មការពារជាតិតួកគី នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400 ដែលតួកគីបានបញ្ជាទិញ នឹងអាចត្រូវបានពន្យារពេល ពីអ្វីដែលបានគ្រោងទុក សម្រាប់ឆ្នាំ ២០២០ ។

ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះ និងសហរដ្ឋអាមេរិកកន្លងមក ត្រូវបានគេមើលឃើញថា នៅបន្តស្ថិតនៅក្នុងជម្លោះគ្នា ជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400 ផលិតនៅប្រទេសរុស្សី ដែលក្រុងវ៉ាស៊ីនតោន តែងតែបាននិយាយថា វានឹងមិនអាចនឹងដាក់ឲ្យប្រើប្រាស់ ជាមួយគ្នាទៅនឹងប្រព័ន្ធការពាររបស់ណាតូ ហើយវាគឺជាការបង្កការគំរាមកំហែង ដល់យន្តហោះចម្បាំង Lockheed Martin F-35 របស់ខ្លួន។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងអង់ការ៉ា នៅតែបន្តបញ្ជាទិញ និងទទួលបានកញ្ចប់ទី១ របស់ខ្លួនពីរុស្សីដដែល កាលពីខែកក្កដាកន្លងមក ទាំងដែលអាមេរិកធ្លាប់បានគម្រាមថា នឹងដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន ហើយក្នុងនោះផងដែរ វ៉ាស៊ិនតោនបានលុបឈ្មោះតួកគី ចេញពីបញ្ជីប្រទេស ដែលអាចធ្វើការ បញ្ជាទិញយន្តហោះចម្បាំង F-35 ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top