ព័ត៌មានជាតិ

ប្រមុខការពារជាតិ អំពាវនាវ ដល់កងទ័ពនិង ប្រជាពលរដ្ឋត្រូវចូូលរួមគោរពច្បាប់ ចរាចរណ៍ ឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ៖ស្របពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ដោយធ្វើការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកល្មើសច្បាប់នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានធ្វើការអំពាវនាវដល់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ឧសភានេះថា”សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា”។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះ គ្មានប៉ះពាល់ជីវភាព ប្រជាពលរដ្ឋខ្មែរឡើយ។

សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ​ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសមានចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅផងដែរ៕

To Top