ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិកលោក J.D. Vance ចង់ប្រើប្រាស់លុយសមាជិកណាតូ សម្រាប់ការបន្តគាំទ្រអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតីបាននិយាយថា លោកអនុប្រធានាធិបតីអាមេរិក J.D. Vance បានគាំទ្រផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ប្តូរបន្ទុកហិរញ្ញវត្ថុនៃការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីកាត់បន្ថយការចំណាយ ពីសំណាក់ពលរដ្ឋអាមេរិកដែលជាអ្នកបង់ពន្ធ។

ប្រទេសអ៊ុយក្រែនកន្លងមកបានទទួលជំនួយយោធាជាង៦៦ពាន់លានដុល្លារអាមេរិកមកហើយក្នុងអំឡុងពេលរដ្ឋបាល Joe Biden បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីកើនឡើងនៅឆ្នាំ ២០២២។

លោក Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅដល់ការផ្តល់ជំនួយដោយគ្មានអត្ថប្រយោជន៍ទៅវិញទៅមកបានស្នើផែនការថ្មីដើម្បីផ្គត់ផ្គង់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកដល់ទីក្រុងគៀវតាមរយៈសមាជិកណាតូអឺរ៉ុប។
លោកប្រធានាធិបតីក៏បានចាត់ទុកវាជាឱកាសពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មការពារជាតិអាមេរិក និងជាមធ្យោបាយដើម្បីបង្កើនសម្ពាធលើរុស្ស៊ីផងដែរ។

អ្នកនាំពាក្យរបស់លោក Vance បានប្រាប់ Fox News Digital កាលពីថ្ងៃព្រហស្បតិ៍ថា អនុប្រធានាធិបតីគាំទ្រទាំងស្រុងនូវផែនការដើម្បីជួយសង្គ្រោះអ្នកជាប់ពន្ធអាមេរិកពីការផ្ដល់មូលនិធិដោយគ្មានកំណត់សម្រាប់ជម្លោះប៉ុន្តែក៏នៅតែប្តេជ្ញាចិត្តចំពោះគោលដៅរបស់ប្រធានាធិបតីក្នុងការបញ្ចប់ការបង្ហូរឈាមនៅអឺរ៉ុបខាងកើតដដែល៕

ប្រែសម្រួល៖ ស៊ុន លី

To Top