ព័ត៌មានជាតិ

ក្រុមអតីតបក្សប្រឆាំង ផ្ញើសាររំលែកទុក្ខ យ៉ាងក្រៀមក្រំ ជូនចំពោះសម្ដចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ ក្រុមអតីត គណបក្សប្រឆាំង បានផ្ញើសាររំលែកទុក្ខ យ៉ាងក្រៀមក្រំ ជូន សម្ដេចតេជោ និងភរិយា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា។

អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នា ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២ នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ។

សពតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិគ្រឹះ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក កឹម សុខា បានសាររំលែកទុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ឧសភា ថា «ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេច និងជាមាតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព ថ្ងៃទី៤ ឧសភា នេះ»។

លោកបន្ដថា មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌។សូមឧទ្ទិសបួង សួងសូមឲ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ចំណែក អ្នកស្រី មួរ សុខហួរ អតីតមន្ដ្រីគណបក្សប្រឆាំង បានសរសរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃនេះថា សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត។

លោកស្រីបញ្ជាក់ថា «ខ្ញុំ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតទ្បើយ»។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ក៏បានផ្ញើសារចូលរួមរំលែក នូវវិប្បយោគទុក្ខ ជាមួយក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសេចក្តីសង្វេគ និងក្រៀមក្រំបំផុត ចំពោះការបាត់បង់ អ្នកម្តាយមានគុណ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ៕

ដោយ៖ អេង ប៊ូឆេង

To Top