អត្ថបទ

អ្នកឧកញ៉ា លាង ម៉េង ជាមួយបុគ្គលិកធនាគារ ជីប ម៉ុង ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភប្រាក់ ២០លានរៀល ដល់គ្រួសារយោធិនពលី

(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា​ ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរព​វិញ្ញាណក្ខន្ធ​សពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី           នៅសមរភូមិមុខទិសទី១​ ខេត្តព្រះវិហារ និងលោកវរសេនីយ៍ត្រី ​ លៀម​ សំពៅមាស​  មន្ត្រីនគរបាល​នៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុង​ជន្មាយុ​ ៤៣ឆ្នាំ​ ដែលបានទទួល​មរណភាព​ក្នុង​បុព្វហេតុការពារជាតិនៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។


បន្ថែមពីនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានពាំនាំនូវទឹកប្រាក់ឧបត្ថម្ភ ចំនួន ២០​ លានរៀល ជូនដល់ក្រុមគ្រួសារសព ដោយសង្ឃឹមថាការឧបត្ថម្ភនេះនឹងអាចជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់យោធិនពលី ក្នុងពេលវេលាដ៏ក្រៀមក្រំមួយនេះ។

អ្នកឧកញ៉ា លាង ម៉េង និងបុគ្គលិកនៃធនាគារ ជីប ម៉ុង ទាំងអស់ សូមគោរពអរគុណនូវវីរភាពដ៏អង់អាច និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង និងលោកវរសេនីយ៍ត្រី ​ លៀម​ សំពៅមាស ព្រមទាំងយោធិនពលីនៅក្នុងសមរភូមរវាងកម្ពុជា-ថៃ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ធនាគារ ជីប ម៉ុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អ្នកឧកញ៉ា លាង ម៉េង ជាអគ្គនាយក ក៏បានប្រកាសជាសាធារណៈ លុបបំណុលចោលទាំងស្រុងរបស់អតិថិជន ដែលជាយោធិនពលី និងយោធិនពិការ ព្រមទាំងបន្ថែមឱ្យមានការជូនជាទឹកប្រាក់ឧបត្ថម្ភ ដោយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ ២០​ លានរៀលសម្រាប់យោធិនពលីជីវិត ទឹកប្រាក់ ១០ លានរៀលសម្រាប់យោធិនពិការ​ និងទឹកប្រាក់ ២ លានរៀលសម្រាប់យោធិនរងរបួសស្រាល។ 

To Top