មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា លោកសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅដើមសប្តាហ៍ក្រោយ ជាមួយនឹងប្រទេសអារ៉ាប់រួម (UAE) នឹងក្លាយជាទីកន្លែងដ៏មានសក្តានុពលមួយ។
ជំនួយការប្រធានាធិបតីរុស្ស៊ី Yury Ushakov បានបញ្ជាក់ថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នារៀបចំ កិច្ចប្រជុំប្រធានាធិបតីនៅប៉ុន្មានថ្ងៃខាងមុខ ដោយភាគីអាមេរិកបានផ្តួចផ្តើមជំរុញឱ្យ មានកិច្ចចរចាទ្វេភាគីកម្រិតខ្ពស់។
លោកបានបន្ទរទស្សនៈរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលថា មេដឹកនាំទាំងពីរឥឡូវមានចំណុចសំខាន់ដើម្បីនិយាយក្នុងកិច្ចពិភាក្សារបស់ពួកគេ។
លោក ពូទីន បានឲ្យដឹងថា រុស្ស៊ីមានមិត្តភ័ក្តិជាច្រើន ដែលត្រៀមខ្លួនជាស្រេច ដើម្បីជួយរៀបចំកិច្ចប្រជុំរបស់គាត់ជាមួយសហសេវិកអាមេរិក។ លោកបានបន្ដថាមិត្តម្នាក់ក្នុងចំណោមមិត្តទាំងនោះគឺរដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោក Sheikh Abdullah bin Zayed Al Nahyan។
កាសែត New York Times ធ្លាប់បានរាយការណ៍ថា លោក ត្រាំ មានបំណងជួបផ្ទាល់ជាមួយលោក ពូទីន នៅដើមសប្តាហ៍ក្រោយ ដោយមានផែនការនឹងបន្តបន្ទាប់ បន្តិចទៀតជាមួយនឹងកិច្ចប្រជុំត្រីភាគី ដែលពាក់ព័ន្ធនឹងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី៕
ប្រែសម្រួល ឈូក បូរ៉ា
