ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវប្រុសស្រី ១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកំលាំងអាវុធហត្ថ ខេត្តតាកែវចុះបង្រ្កាប

តាកែវ ៖ កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០នេះ បានឆ្លក់បង្រ្កាប ក្រុមយុវជនប្រុសស្រីមួយក្រុម មានគ្នា១៣នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅផ្ទះសំណាក់យីហោ ៦៦ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ។

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាប មុខសញ្ញាប្រើប្រាស់ ចែកចាយគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ខាងលើ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដោយកម្លាំងយើងបានឃាត់ខ្លួន បានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះ មានស្រីចំនួន៦នាក់ ព្រមទាំងបានដកហូតបាន វត្ថុតាងមួយចំនួន មានម៉ូតូ ៤គ្រឿង ដាវ២ និងថ្នាំញៀន ៤កញ្ចប់ផងដែរ ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ជនសង្ស័យជាស្រ្តីចំនួន៦នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានព្រះរាជអាជ្ញា អោយបញ្ជូនទៅកាន់ មន្ទីរសង្គមកិច្ចខេត្តតាកែវ ដោយឡែកជនសង្ស័យ ជាប្រុសៗចំនួន៧នាក់ ដែលប្រើប្រាស់និងចែកចាយ និងត្រូវកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់ ៕

To Top