សាស្ត្រាចារ្យ ឈាង រ៉ា៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ត្រូវចែករំលែកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសេវាសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិតទាំងក្រុង និងខេត្ត យកគោលការណ៍នៃភាពជាអ្នកដឹកនាំ ដែលបានចែករំលែកកន្លងមក ទៅចែករំលែកបន្តដល់បុគ្គលិកសុខាភិបាលទាំងអស់ ដោយស្ថិតក្នុងភាពត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសេវាសុខាភិបាល បានមួយកម្រិតបន្ថែមទៀត។
នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសចែករំលែកបទពិសោធ នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ ឋានានុក្រមក្រោមឱវាទក្រសួង កាលពីពេលថ្មីៗនេះ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំណុចគន្លឹះ ២ ដែលអាចប្រើប្រាស់សម្រាប់បញ្ជាក់ឲ្យ កាន់តែច្បាស់លើភាពជាអ្នកដឹកនាំរបស់អ្នកដឹកនាំម្នាក់ៗ។ ចំណុចគន្លឹះទាំង២រួមមាន ៖ អ្នកដឹកនាំជាអ្នកដែលចេះជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអាចពន្យល់ឲ្យក្រុមការងារយល់ថា រាល់ការផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនឹងជួបប្រទះនឹងឧបសគ្គ ដែលឧបសគ្គទាំងនោះគ្រាន់តែកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយគេអាចជំនះបាន ។ មួយទៀតអ្នកដឹកនាំត្រូវឲ្យមានឥទ្ធិពលធម្មជាតិបន្ថែមពីលើអំណាចរដ្ឋបាលដែលបានមកដោយការចាត់តាំង។
ក្រៅពីចំណុចគន្លឹះទាំងពីរនេះ សាស្រ្តាចារ្យ បានលើកយកទ្រឹស្តីនៃការយល់ដឹង លទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពីកំរិតនៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយសារការប្រើប្រាស់វិញ្ញាណ និងការប្រើប្រាស់ការពិចារណា។ អ្នកដឹកនាំអាច ធ្វើការពិចារណាទៅលើបុគ្គលម្នាក់ៗ ដោយឈរលើគោលការណ៍ សកម្ម និងអសកម្ម ហើយត្រូវស្វែងរកវិធីសាស្រ្តបង្កើតចំណុចសកម្មរបស់បុគ្គល និងកាត់បន្ថយចំណុចអសកម្មរបស់បុគ្គល









