ព័ត៌មានជាតិ

ខែមេសា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង ១ពាន់លានរៀល និងជិត ៨០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ៧៩៨ ២៧២.៣៩ ដុល្លារ និងប្រាក់រៀលចំនួន ១ ៥៦១ ៩៥៤ ៥១៦.៤០ រៀល ពីសប្បុរសជន ចំនួន ១៦ ០៧៣ រូប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានរៀបរាប់ថា ក្នុងចំណោមថវិកាសរុបនេះ ធនាគារអេស៊ីលីដា បានបរិច្ចាគចំនួន ១ ២០០ ០០០ ០០០ រៀល និងថវិកាចំនួន ៧៦៧ ៣២៨ ដុល្លារអាមេរិក បានមកពីកម្រៃពីថ្លៃ សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ រួមគ្នានេះដែរ មូលនិធិបានផ្ទេរថវិកាចំនួន ៧៦៧ ៣២៨ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការពិនិត្យ ព្យាបាល ដោយ ឥតគិតថ្លៃដល់កុមារកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរចំពោះសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាល ភាពកុមារ និងទារកនៅកម្ពុជា។

សូមជម្រាបជូនថា សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា អាចបន្តចូលរួម បរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយ បរិច្ចាគចាប់ពី ២០ ០០០ ០០០ រៀល ,៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ រៀល ក្នុងមួយខែ ,៦០ ០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕

To Top