សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និង កិច្ចសហប្រតិបត្តិការនវានុវត្តន៍អន្តរជាតិ សម្រាប់អាស៊ាន ឆ្នាំ២០២៥ ធ្វើនៅទីក្រុងណាននីង

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍អន្តរជាតិ សម្រាប់អាស៊ាន ឆ្នាំ២០២៥ បានធ្វើនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។
សន្និសីទបានប្រមូលផ្តុំថ្នាក់ដឹកនាំផ្នែកគ្រប់គ្រង ឥស្សរជន និងអ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំសហគ្រាស ក្នុងវិស័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ មកពីប្រទេសចិន និងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដោយផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតប្រកបដោយគុណធម៌ និងការអនុវត្តប្រកបដោយបរិយាប័ន្ន រួមគ្នាជំរុញលទ្ធផល នៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ដើម្បីផ្តល់ប្រយោជន៍ដល់ជីវភាពរស់នៅ របស់ប្រជាជន។
សន្និសីទបានប្រកាសផ្សាយ «ផែនការការងាររយៈពេល៣ឆ្នាំ (២០២៥-២០២៧) សម្រាប់សកម្មភាពលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអភិវឌ្ឍ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់អាស៊ាន» ក៏ដូចជាបានប្រកាសចេញ នូវគម្រោងមួយចំនួនដែលគាំទ្រ ដល់ការកសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍បញ្ញាសិប្បនិម្មិតចិន-អាស៊ាន រួមមាន៖ ការដំណើរការសហព័ន្ធបញ្ញាសិប្បនិម្មិត ប្រភពបើកទូលាយចិន-អាស៊ាន ការគាំទ្រដល់ការបង្កើតគម្រោងមួយចំនួន សម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍គំរូធំៗ នៃវិស័យឧស្សាហកម្ម ការប្រកាសចេញ នូវគម្រោងកិច្ចសហប្រតិបត្តិការអនុវត្តន៍ “បញ្ញាសិប្បនិម្មិត+” សម្រាប់អាស៊ាន ការបង្កើតមូលនិធិ សម្រាប់បំប្លែងលទ្ធផលបច្ចេកវិទ្យា និងការអនុវត្តផែនការបណ្តុះបណ្តាលអ្នកជំនាញ ផ្នែកឧស្សាហកម្ម “បញ្ញាសិប្បនិម្មិត+” សម្រាប់អាស៊ាន។
ក្រៅពីនេះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-អាស៊ានជិត១០គម្រោងក៏ត្រូវបានរៀបចំឡើងផងដែរ ដោយកិច្ចសហប្រតិបត្តិការទាំងនេះ គ្របដណ្តប់លើ៦ប្រទេស ក្នុងតំបន់អាស៊ាន ពាក់ព័ន្ធនឹងវិស័យដូចជា ការផ្ទេរបច្ចេកវិទ្យា និងការកសាងវេទិការួមគ្នា ដើម្បីចុច “ប៊ូតុងបង្កើនល្បឿន” សម្រាប់ការបែងចែកធនធាន នវានុវត្តន៍ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។
សន្និសីទអន្តរជាតិសម្រាប់អាស៊ានលើកនេះ បានផ្តោតលើវិស័យ កិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ហើយបានរៀបចំ ជាពិសេសនូវពិធីបើក និងវេទិកាសំខាន់នៃសន្និសីទអន្តរជាតិ សម្រាប់អាស៊ាន វេទិកាអ្នកវិទ្យាសាស្ត្រវ័យក្មេង ១០+៣ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត សម្រាប់អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំភ្ជាប់បច្ចេកវិទ្យាចិន-អាស៊ាន និងសកម្មភាពជំនាញជាច្រើនទៀត ដែលបានប្រមូលផ្តុំ បញ្ញារបស់តំបន់ចិន-អាស៊ាន ជំរុញការគិតប្រកបដោយនវានុវត្តន៍ ដើម្បីចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាមួយ ក្នុងការកសាងសហគមន៍វាសនារួម ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ៕
