ចិននឹងធ្វើការ ជាមួយប្រទេសទាំងអស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពិភពលោកបើកចំហ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឧ្យដឹងថា ប្រទេសចិន នឹងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពិភពលោកបើកចំហ និងបដិសេធគ្រប់ទម្រង់ នៃលទ្ធិគាំពារនិយម។
លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើអត្ថបទមួយ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Economist នាពេលថ្មីៗនេះ ដែលថាការនាំចេញរបស់ប្រទេសចិន បានបន្តកើនឡើងនៅឆ្នាំនេះ ហើយប្រទេសនេះកំពុងធ្វើពាណិជ្ជកម្មជាមួយ ដៃគូចម្រុះកាន់តែច្រើន។
អត្ថបទនេះបានកត់សម្គាល់ថា ប្រទេសចិនកំពុងពង្រឹងតួនាទី របស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយពិភពលោកកំពុងចាប់ យកទំនិញរបស់ចិនកាន់តែច្រើន ជាងពេលមុនៗ ដោយបន្ថែមថា សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធបានបង្កឥទ្ធិពលតិចតួចលើប្រទេសចិន។
លោកបានលេីកឡេីងថា “ចំពេលបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ និងផ្លាស់ប្តូរមិនឈប់ឈរ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានរក្សា បាននូវកំណើនប្រកបដោយស្ថិរភាព ជាមួយនឹងភាពធន់រឹងមាំ និងថាមពលកាន់តែខ្លាំង” ដោយបន្ថែមថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃពាណិជ្ជកម្មទំនិញរបស់ប្រទេសចិន បានកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានកត់សម្គាល់ថាអាស៊ាន និងសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំងពីររបស់ប្រទេសចិន ខណៈដែលការនាំចូល និងនាំចេញសរុបរបស់ចិនជាមួយដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានកើនឡើង ៥.៤ភាគរយក្នុងអំឡុងពេលនោះ។
លោកបានកត់សម្គាល់ថា “ជញ្ជាំង និងរនាំងនៅទីបំផុតនឹងចាប់បានតែអ្នកសាងសង់របស់ពួកគេប៉ុណ្ណោះ ចំណែកឯការបើកទ្វារ និងផ្លូវអាចទទួលបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ”៕
ប្រែសម្រួល ឈូក បូរ៉ា
