ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា​ នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត នូវរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ។ 

ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ សម្រាប់នៅរាជធានីភ្នំពេញ មានឱកាសការងារច្រើនជាងគេរហូតដល់ ២៨ ៩០០កន្លែង បន្ទាប់មកខេត្តកំពង់ស្ពឺចំនួន ២០ ៩៨១កន្លែង, ខេត្តកណ្ដាលចំនួន ៩ ០១៦កន្លែង, ខេត្តតាកែវចំនួន ៦ ៩៧៣កន្លែង, ខេត្តស្វាយរៀងចំនួន ៥ ៥៥១កន្លែង និងព្រះសីហនុចំនួន ៣ ២៧៦កន្លែង។ 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមស្វែងរកការងារធ្វើក្នុងស្រុក ដោយអាចទាក់ទងទៅកាន់លេខ ១២៩៧ ឬស្កេនកូដ QR រកការងារ របស់ក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ។ 

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការងារ ក៏បានបន្តអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃបន្តទៀត ដោយគួរស្វែងរកការងារក្នុងស្រុកវិញល្អជាង ខណៈនៅសល់ការងារជាច្រើនម៉ឺនកន្លែងទៀតនូវរង់ចាំបងប្អូន៕

To Top