តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិត បានលើកដៃគាំទ្រប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាត ឱ្យមានការវិនិយោគ បារីអេឡិច ត្រូនិក នៅកម្ពុជាជាដាច់ខាត
ភ្នំពេញ ៖ តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិតបានលើកដៃគាំទ្រ យ៉ាងពេញទំហឹង នូវប្រសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ដែលមិនអនុញ្ញាត ឱ្យមានការវិនិយោគបារីអេឡិចត្រូនិក នៅកម្ពុជាជាដាច់ខាត ខណៈដែលផលិតផលនេះ បង្កឱ្យប៉ះពាល់សុខភាព របស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។

ការគាំទ្រនេះ បានបង្ហាញឡើងក្នុងពិធីប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី នៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិង កីឡាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពប្រជាពលរដ្ឋ ហើយការប្រកួតបង្កើតស្នាដៃ ផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ បានអប់រំដល់យុវជនឱ្យនៅឆ្ងាយពីបារីអេឡិចត្រូនិច។
សំឡេង៖«ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់ នៃការប្រើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់នៅពេលនេះ គឺជាមោទនភាពមួយ ប៉ុន្តែអ្វីដែលសំខាន់កូនៗបានចូលរួម ចំណែកក្នុងការផ្សព្វផ្សាយ ពីផលប៉ះពាល់ ចូលរួមធ្វើអំពើល្អ »
ទាំងលោកគ្រូ-អ្នកគ្រូ និង សិស្សនិស្សិត មានក្តីកង្វល់យ៉ាងខ្លាំង ចំពោះការរីករាលដាលនៃការប្រើប្រាស់ និងការចែកចាយលក់ បារីអេឡិចត្រូនិកទៅកាន់ កុមារតូចៗ និង យុវជន ដែលជាសិស្សនិស្សិត ។ ដោយមើលឃើញ ពីបញ្ហានេះ និងដើម្បីចូលរួមចំណែកកាត់បន្ថយផល ប៉ះពាល់ដល់មូល ធនមនុស្សរបស់កម្ពុជា បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក ទើបជំរុញឱ្យគ្រឹះស្ថានសិក្សាតាំងពីកម្រិតមធ្យមសិក្សា រហូតដល់ឧត្តមសិក្សា ទាំងគ្រឹះស្ថាន សិក្សា សាធារណៈ និងឯកជន ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រកួត ផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់ នៃការប្រើឧបករណ៍ អេឡិចត្រូនិច និង សារធាតុគីមីសម្រាប់ជក់ ។ ការប្រកួតនេះបានទទួលការចូលរួមគ្រឹះស្ថានសិក្សាចំនួន៣៦ និងផលិតវីដេអូចំនួន៩៨ ដែលបានបង្ហោះក្នុង បណ្ដាញព័ត៌មានសង្គម មានដូចជា FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូចំនួនរាប់លាននាក់ទៀតផង។

កញ្ញាគឹម សុខឡេង តំណាងក្រុមជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបង្ហាញការគាំទ្រប្រសាសន៍សម្តេច បវរធិតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បារីអេឡិចត្រូនិក ជាពិសេសបិទការនាំចូលកុំឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងទៀត។
សំឡេង “ខ្ញុំសូមសំណូមពរ សុំរាជរដ្ឋាភិបាលមេត្តាបិទការនាំចូល ចែកចាយលក់បារីអេឡិចត្រូនិកឱ្យបានឆាប់។ បើមិនមានការនាំចូលទេ ក៏គ្មានអ្នកប្រើប្រាស់ដែរ “ ម្ចាស់ជ័យលាភីលើកទឹកចិត្ត មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។! ជាពិសេសបិទការចែកចាយលក់តាមប្រព័ន្ធអនឡាញ ដូចជា Facebook Tik Tok Instagram ដែលជាប្រភពចម្បងក្នុងការទាក់ទាញឱ្យក្មេងៗ យុវជនប្រើប្រាស់វា ។ ធ្វើយ៉ាងណាឱ្យយុវជនយើងមានសុខភាពល្អ។»
ការប្រកួតស្នាដៃផលិតវីដេអូអប់រំ ស្ដីពីផលប៉ះពាល់ នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់បានរកឃើញម្ចាស់ជ័យលាភីចំនួនបីមាន ៖ ម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល,លេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង,លេខ៣ មកពីវិទ្យាល័យ ជាស៊ីមឈូកវ៉ា សាលាវ៉េស្ទឡាញសាខាចម្ការដូង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញត្រូវបានលើកទឹកចិត្ត ។
បើយោងតាមអង្គការ សុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍ ។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀត នាពេលអនាគត៕



