ក្រុមហាម៉ាស់ ទទួលបានការធានា ពីអ្នកសម្រុះសម្រួល និងរដ្ឋបាលអាមេរិក ដើម្បីបញ្ចប់សង្គ្រាមហ្គាហ្សា ទាំងស្រុង

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានទទួលការធានា ពីអ្នកសម្របសម្រួល និងរដ្ឋបាលសហរដ្ឋអាមេរិក ដែលបញ្ជាក់ពីការបញ្ចប់ សង្គ្រាមទាំងស្រុង នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោក Khalil al-Hayya ប្រធានគណៈប្រតិភូចរចា របស់ហាម៉ាស់ បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ថា ការធានាត្រួសត្រាយផ្លូវ សម្រាប់ការអនុវត្ត ដំណាក់កាល ទីមួយនៃផែនការរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។
លោក al-Hayya បានលើកឡើងថា “យើងបានទទួលការធានាពីអ្នកសម្រុះសម្រួល និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលបញ្ជាក់ថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ” ។ លោកបានបន្ថែមថា ក្រុមហាម៉ាស់នឹងបន្តធ្វើការជាមួយក្រុមជាតិ និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ដើម្បីបញ្ចប់ជំហាន ដែលនៅសល់ នៃកិច្ចព្រមព្រៀង ការពារផលប្រយោជន៍ របស់ប្រជាជនប៉ាឡេស្ទីន និងសម្រេចបាននូវសិទ្ធិស្របច្បាប់ របស់ពួកគេរហូតដល់ការបង្កើតរដ្ឋឯករាជ្យមួយ ដែលមានទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ខ្លួន។
លោក Al-Hayya បានអះអាងសារជាថ្មី នូវការយល់ព្រម ពីក្រុមហាម៉ាស់ ចំពោះកិច្ចព្រមព្រៀង ដែលបានឈាន ដល់ក្នុងអំឡុងពេលការចរចា រយៈពេលបីថ្ងៃដែលបានធ្វើឡើងនៅទីក្រុងរមណីយដ្ឋានអេហ្ស៊ីប Sharm El Sheikh ។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះ រួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការផ្តល់ជំនួយមនុស្សធម៌ ការបើកច្រករ៉ាហ្វាឡើងវិញ ក្នុងទិសដៅទាំងពីរ និងការដោះដូរអ្នកទោស។
យោងតាមកិច្ចព្រមព្រៀងនេះ អ្នកទោសចំនួន ២៥០ នាក់ ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកជាប់ឃុំ ១,៧០០ នាក់មកពីហ្គាហ្សា ត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នឹងត្រូវបានដោះលែង បន្ថែមលើស្ត្រី និងកុមារទាំងអស់។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរយៈពេលបីថ្ងៃ នៃការចរចាដោយ ប្រយោលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលនៅ Sharm El Sheikh ដោយមានការចូលរួម ពីសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងប្រទេសតួកគី ក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
