សម្ដេច ស ខេង លើកទឹកចិត្តដល់គ្រប់ភាគី បន្តដោះស្រាយការងារ និងបញ្ហាប្រឈមនានា របស់ពលរដ្ឋខ្មែរវិលត្រឡប់ពីថៃវិញ ឲ្យបានទាន់ពេលវេលា

បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានលើកទឹកចិត្ត ដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ ខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃវិញ ឲ្យបានទាន់ពេលវេលា។

ការលើកទឹកចិត្តរបស់ សម្ដេច ស ខេង នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥នាក់ ទូទាំងខេត្តបាត់ដំបង ប្រារព្ធនៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេច ស សុខា ក៏បានកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចាប់តាំងពីច្រកព្រំដែន រហូតមកដល់លំនៅឋាន ប្រកបដោយសុវត្ថិភាព ហើយបាននិង កំពុងសម្របសម្រួលស្វះស្វែង រកការងារក្នុងប្រទេសជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ រួមទាំងការដោះស្រាយស្បៀងអាហារ និងបញ្ហាប្រឈមនានា ក្នុងជីវភាពរស់នៅ ។

លើសពីនេះ សម្តេច បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព៕



