ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និង ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស A

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។

លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រង វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាព ប្រកួតប្រជែង នៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបាន សម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិន គឺស្តែងចេញពីអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬ អ្នកអាណាព្យាបាល សិស្សានុសិស្ស ដែលបានសហការ ជួយបង្កលក្ខណៈឱ្យកូន ចៅមករៀនបានទៀងទាត់ និងធ្វើការតាមដានការសិក្សា របស់ពួកគេជាប្រចាំ ដោយសហការគ្រប់យ៉ាង ជាមួយសាលារៀន ឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព ស្របតាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកប ដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជា ពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្ស ពិតប្រាកដសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ។

អត្ថបទ ៖ សុខ វិច្ឆ័យ / ប៉ៃលិន / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន

To Top