ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ទីក្រុង​ប៉េកំាង ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថភាព ដើម្បីចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ នេះ។

អញ្ជើញទទួលដំណើរអញ្ជើញដល់ របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកំាង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភា តំណាងប្រជាជនចិនទូទំាងប្រទេស និងលោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី ។
នៅព្រលាយន្តហោះអន្តរជាតិ ទីក្រុងប៉េកាំង លោកស្រី ហ៊ូ វិន (Hun Wen) អគ្គនាយករងកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន បានសម្តែង នូវកិច្ចស្វាគមន៍ យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុត ចំពោះសម្តេចប្រធាន និង បានវាយតម្លៃខ្ពស់ ចំពោះវត្តមាន របស់សម្តេចប្រធាន ក្នុងកិច្ចប្រជុំថ្នាក់ដឹក នាំកំពូលស្រ្តី ថាពិតជាមានសារៈ និងមានតម្លៃធំធេង ។
លោកស្រី ក៏បានជម្រាបជូនសម្តេចប្រធាន អំពីកម្មវិធីសំខាន់នានា ដែលសភាតំណាងប្រជាជនចិន បានរៀបចំជូន ជូនសម្តេចរដ្ឋសភាធិបតី ក្នុងនោះមានការអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្តីពីស្រ្តី ជំនួបពិភាក្សាទ្វេភាគីជាមួយលោក ចាវ ឡឹជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន និងការធ្វើបទសម្ភាសន៍ ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិន ជាដើម ។

ក្នុងឱកាសនោះដែរ សម្តេចរដ្ឋសភាធិបតី បានសម្តែង នូវការអរគុណ ចំពោះលោកស្រី ហ៊ូ វិន និងសហការីតំណាងឱ្យសភា តំណាងប្រជាជនចិន ដែលបានអញ្ជើញមកទទួលស្វាគមន៍ និងបានរៀបចំកម្មវិធីយ៉ាងល្អ និងហ្មត់ចត់ជូនគណៈប្រតិភូ រដ្ឋសភាកម្ពុជា ។

សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនលោកស្រី ហ៊ូ វិន ថា នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អញ្ចឹងដែរ ព្រោះប្រទេសយើងទាំងពីរ មានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ ដឹកនាំគ្រប់ជំនាន់ ។ សម្តេចរដ្ឋសភាធិបតី បានជម្រានជូនលោកស្រី ថា សម្តេចធ្លាប់បានមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលស្រ្តី លើកទី៤ នាឆ្នាំ១៩៩៥ ដែលនោះកិច្ចប្រជុំ បានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform of Action) ដែលឯកសារនេះបានប្រើជាឯកសារគោលសកល ក្នុងការជំរុញឱ្យមានការកែទម្រង់ និងបានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាតម្លៃសកល និងអាទិភាព។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌ អង្គការ សហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាព នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារ ជាសកល សម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក ។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ដូចជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន ៕

To Top