រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកស្រោមវិញ្ញាសារ ប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៥ នេះ លោក បណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោក អ៊ុន ចាន់ដា ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ បើកស្រោមវិញ្ញាសារ ប្រលងសិស្សឆ្នើមថ្នាក់ទី ១០ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ប្រចាំស្រុកព្រៃឈរ ដើម្បីដណ្ដើមយកពានរង្វាន់ សម្ដេចមហាបបរោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាម លោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរបានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើម ថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ មានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន ៥ ក្នុងស្រុកព្រៃឈរ ។ ចំពោះការប្រឡងនេះ គឺប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយប្រឡង លើមុខវិជ្ជាចំនួន ៤ ក្នុងនោះមានរូបវិទ្យា គណិតវិទ្យា ប្រវត្តិវិទ្យា និងខ្មែរ ។

ក្នុងឱកាសនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ដើម្បីលើកកម្ពស់សមត្ថភាពរបស់បេក្ខជន ដែលចូលប្រឡង ជាងនេះទៅទៀត សូម្បីតែបេក្ខជន ដែលបានចូលរួមប្រឹងប្រែងប្រឡងនេះ ក៏ចាត់ទុកថា ជាមោទនភាពមួយ ក្នុងការរកផ្លូវទៅកាន់ភាពជោគជ័យ ។ ម្យ៉ាងទៀតគណៈកម្មការបានរៀបចំដោយយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រឡងនេះ ទទួលបាននូវតម្លាភាព សុក្រិតភាព ត្រឹមត្រូវ មួយរយភាគរយ ៕







អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
