JICA សង្ឃឹមថា ស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ នឹងវិលមករកប្រក្រតីភាពឡើងវិញ

ភ្នំពេញ៖ លោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានបង្ហាញក្តីសង្ឃឹមថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនឹងមានលក្ខណៈធូរស្រាលហើយនឹងវិលមកស្ថានភាពដូចដើមវិញ ។
លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក TANAKA Akihiko នាថ្ងៃ១៣ តុលាថា សម្ដេចតេជោបានជម្រាបជូនប្រធាន JICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឈានទៅត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
លោកបន្តថា ជាកិច្ចឆ្លើយតបប្រធាន JICA សង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ ។
គិតមកដល់ថ្ងៃទី១៤ តុលា នេះ ជម្លោះព្រំដែនកម្ពុជា-ថៃបានអូសបន្លាយជិត៣ខែមកហើយ ខណៈវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានថៃចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃអស់រយៈពេល៧៧ថ្ងៃមកហើយ ៕


