ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ទទួលធុងសំរាមចំនួន ៨២៨ធុង ដើម្បីចែកជូនដល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាម ពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង ដើម្បីផ្តល់ជូនដល់រដ្ឋបាល ក្រុងស្រុក ធ្វើការបែងចែកបន្តទៅសាលារៀន មណ្ឌលសុខភាព និងវត្តអារាម ។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរង តំណាងលោក ម៉ាង ស៊ីណា អភិបាលខេត្តព្រះសីហនុ និងដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុជាច្រើនរូប ។

លោក ឡុង ឌីម៉ង់ បានថ្លែងអរគុណដល់ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនទៅតាមគោដៅ នៅក្នុងមូលដ្ឋាន ដែលជាការលើកទឹកចិត្ត និងជំរុញភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបនាត្រឹមត្រូវ។

លោក បានបន្ថែមថា ការផ្តល់ជូនធុងសំរាមនេះ នឹងចូលរួមលើកកម្ពស់សោភណ្ឌភាព សហគមន៍បានមួយកម្រិតបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រកាសពីការប្រគល់ជូនធុងសំរាមទៅដល់រដ្ឋបាលខេត្តចំនួន៦ ក្នុងនោះមានខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កែប កំពត កោះកុង និងព្រះសីហនុ សរុបចំនួន ១០,១៣៤។ សំរាប់ខេត្តព្រះសីហនុ ថ្ងៃនេះទទួលបានធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង៕

To Top