កម្មវិធីរ៉ូដសូ ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក” ចាប់ផ្តើមជាផ្លូវការ

ភ្នំពេញ ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគម វិនិយោគចិន នៅកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា និងលោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសបើក “កម្មវិធីរ៉ូដសូ ស្តីពីការបោះផ្សាយលក់មូលបត្រកម្ម សិទ្ធិជាសាធារណៈលើកដំបូងរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក” នៅផ្សារមូលបត្រកម្ពុជា (ផមក) ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីរ៉ូដសូស្តីពី “ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរ ជូនដល់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ចំពោះការបោះជំហានមួយយ៉ាងធំ ជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុត ព្រោះការត្រៀមខ្លួនក្នុងការចុះបញ្ជីមិនមែនជារឿងងាយស្រួលនោះឡើយ ។ ក្រុមហ៊ុនតម្រូវឲ្យមានតម្លាភាព នៃរបាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្មល្អ និងទំនួលខុសត្រូវខ្ពស់ជូនសាធារណជន ។ ដូច្នេះ ក្រុមហ៊ុនបានឈានមកដល់ដំណាក់កាលនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនបានបំពេញគ្រប់លក្ខខណ្ឌពេញលេញជាមួយនឹង និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ។

លោកអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន ពីកាសូ គ្រោងនឹងកៀរគរទឹកប្រាក់សរុបចំនួន ១២ លានដុល្លារអាមេរិក ជាមួយចំនួនភាគហ៊ុនបោះផ្សាយសរុប ១០លានភាគហ៊ុន និងថ្លៃបោះផ្សាយ ៤.៨០០រៀលក្នុងមួយភាគហ៊ុន។ ជាមួយនឹងភាពទាក់ទាញ ក្រុមហ៊ុនបានផ្តល់ភាគលាភធានាអប្បបរមាចំនួន ៧ភាគរយសម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីចុះបញ្ជី។ គម្រោងខុនដូនេះមិនត្រឹមតែជារចនាសម្ព័ន្ធបេតុង និងកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហដ្ឋាន ជាសហគមន៍ និងជាកន្លែងរស់នៅដែលផ្សារភ្ជាប់នូវទំនាក់ទំនង និងការរីកចម្រើន។ ទាំងនេះវាបង្ហាញនូវទំនើបកម្មនៃសង្គម ដែលស្ថិតនៅលើគន្លង នៃការវិវត្ត ប្រកបដោយនិរន្តរភាព និងចីរភាព ។ ទោះបីជាវិស័យអចលទ្រព្យនៅកម្ពុជា មានសភាពហាក់នៅនឹងថ្កល់ តែក្រុមហ៊ុន ពីកាសូ បានបោះជំហានទៅមុខឥតឈប់ឈរ និងទទួលបានការគាំទ្រ ពីអតិថិជន ដែលភាគច្រើនជាអភិជន ការទូត និងអ្នកដែលស្វែងរកលំនៅដ្ឋាន ប្រកបដោយប្រណិតភាព ។

លោក ហុង សុហួរ បានបន្ថែមថា ផ្សារមូលបត្រកម្ពុជាមានមោទនភាពបានប្រែក្លាយជាច្រកហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្តី សហគ្រាសសាធារណៈក្តី ដែលមានសក្ដានុពលអាចកៀរគរទុន សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចបង្កើននូវអត្ថប្រយោជន៍ ប្រកួតប្រជែងក្នុងតំបន់បាន។ ជាមួយគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានផ្តល់នូវផលិតផលហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជូនវិនិយោគិនទាំងរូប វ័ន្តបុគ្គល និងនីតិបុគ្គលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូននូវទិន្នន័យទីផ្សារដោយសង្ខេបថា គិតមកត្រឹមបច្ចុប្បន្ន យើងមានក្រុមហ៊ុនចុះបញ្ជី ២៥ក្រុមហ៊ុន ដែលបានចុះបញ្ជីលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្រុមហ៊ុនទាំងអស់បានកៀរគរទុនប្រមាណ ៦៤៨ លានដុល្លារអាមេរិក។ បើសិនយើងបូកបញ្ចូល ក្រុមហ៊ុន ពីកាសូ យើងនឹងទទួលបានប្រមាណ ៦៦០ លានដុល្លារអាមេរិក ។ យើងក៏រំពឹងផងដែរថា ត្រឹមចុងឆ្នាំនេះយើងនឹង ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមួយបន្ថែមទៀតជាមួយទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក។ ដូច្នេះ គិតត្រឹមចុងឆ្នាំ២០២៥នេះ យើងរំពឹងថាទឹកប្រាក់ដែលក្រុមហ៊ុនកៀរគរ សរុបនឹងកើនឡើងដល់ ៧០០លានដុល្លារអាមេរិក ៕



