រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ជួបគណៈប្រតិភូ វិនិយោគមកពីចិន

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល នៅព្រឹកថ្ងៃទី១៤ តុលានេះ បានទទួលជួបគណៈប្រតិភូ វិនិយោគមកពី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយលោក សូ ហ្វង់ ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុន Shenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្រ រួមជាមួយក្រុមការងារ ។
ក្នុងជំនួបនេះ មានគោលបំណងស្វែងយល់អំពីឱកាស វិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។

លោក សេង ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការទទួលជំនួបនេះ។ លោកបានជម្រាបថា គណៈប្រតិភូនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណង សិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគ ក្នុងវិស័យសុខាភិបាល នៅកម្ពុជា ដែលជាផ្នែកមួយ នៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យ សុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាព សេវាសុខាភិបាល និងសុវត្ថិភាព ប្រជាពលរដ្ឋជាចម្បង៕






