សហភាពអឺរ៉ុបស្ងាត់ជ្រាប ចំពោះការទាមទារសំណង ពីអ៊ីស្រាអែល សម្រាប់កសាងតំបន់ហ្គាហ្សាឡើងវិញ

បរទេស៖ គណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើអ៊ីស្រាអែលគួរតែផ្តល់មូលនិធិដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយបន្ថែមថា ខ្លួនមើលឃើញថាមិនមានការទាក់ទងក្នុងបញ្ហានេះ និងការជំរុញរបស់សហភាពអឺរ៉ុប ក្នុងការរឹបអូសទ្រព្យសម្បត្តិធនាគារកណ្តាល រុស្ស៊ីសម្រាប់អ៊ុយក្រែននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់តំបន់ ហ្គាហ្សាត្រូវបានចុះហត្ថលេខា កាលពីថ្ងៃច័ន្ទនៅទីក្រុង Sharm el-Sheikh ក្នុងប្រទេសអេហ្ស៊ីប ដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងអ្នកសម្រុះសម្រួលមកពីប្រទេស អេហ្ស៊ីប កាតា និង ប្រទេសតួកគី ។ ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ ឃើញថា អ៊ីស្រាអែលដកទ័ពចេញពីផ្នែកខ្លះ នៃតំបន់ហ្គាហ្សា ហើយក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ចំនួន ២០ នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ប្រមាណ ២.០០០ នាក់។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនបានលើកឡើង ពីទំនួលខុសត្រូវដ៏មានសក្តានុពលរបស់រដ្ឋាភិបាល អ៊ីស្រាអែលសម្រាប់ការកសាងឡើងវិញនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបលោកស្រី Paula Pinho ត្រូវបានសួរថាតើអ៊ីស្រាអែល គួរតែចំណាយលើការកសាង តំបន់ហ្គាហ្សាឡើងវិញដែរឬទេ ដោយអនុវត្តតាមធាតុពិតដូចគ្នា ដែលប្រតិបត្តិរបស់សហភាពអឺរ៉ុប អនុវត្តក្នុងការទាមទារឱ្យរុស្ស៊ីទូទាត់សំណងសម្រាប់ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីជម្លោះ។
សហភាពអឺរ៉ុបកំពុងជំរុញផែនការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលបង្កកដើម្បីទទួលបានប្រាក់កម្ចីចំនួន 140 ពាន់លានអឺរ៉ូ (164 ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបាននិយាយថា ការផ្លាស់ប្តូរនេះនឹងមានន័យថាជា “ការលួច”។
សូមបញ្ជាក់ថា យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ជនជាតិប៉ាឡេស្ទីនជាង 65,000 នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់ តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ របស់ពួកហាម៉ាសក្នុងខែតុលាឆ្នាំ 2023 ដែលបានសម្លាប់មនុស្សប្រហែល 1,200 នាក់ និងបានឃើញមនុស្សជាង 250 នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ។ សង្គ្រាមក៏បាននាំទៅរកការបំផ្លិចបំផ្លាញមិនធ្លាប់មានពីមុនមក និងជាគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា
