ព័ត៌មានជាតិ

ពលរដ្ឋ នៅតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ ជាអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

កំពង់ស្ពឺ ៖ អំពូលសូឡា (ភ្លើងទេវតា) ចំនួន ៥ឈុតដំបូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ តំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលនិងដំឡើងអំពូលសូឡា ជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ ស្មើ៥ខ្នងផ្ទះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងពង្រឹងការពារនិងអភិរក្សធនធានធម្មជាតិ។

ប្រជាពលរដ្ឋ ដែលទទួលបានអំណោយភ្លើងទេវតានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់សុខទុក្ខនិងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ជាលំដាប់។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី និងសហគមន៍មូលដ្ឋានក្បែរតំបន់ទេទឹកពុះ ចំនួនជាង៣០០ផ្ទាំង តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវរៀបចំសកម្មភាព ក្នុងគោលដៅពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ដែលស្ថិតនៅមិនឆ្ងាយពីតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញ និងជាសហគមន៍អព្យាក្រឹតកាបូន នៅក្នុងពេលអនាគត។

គួរជម្រាបជូនថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សារសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួនផងដែរ។ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ៕

To Top