មន្ត្រីជាង ៥០០នាក់ទៀត ទទួលការបណ្ដុះបណ្ដាល នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម

ភ្នំពេញ ៖ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដែលក្រសួងមហាផ្ទៃ បានដាក់ពង្រាយ នៅទូទាំងប្រទេស ក៏មានដែរ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានឱ្យដឹងថា សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបណ្ដុះបណ្ដាលសិក្ខាកាម ជាមន្ត្រីនគរបាលជាតិ មកពីបណ្ដាអង្គភាពទូទាំងប្រទេស បានចំនួន ៥៣៥រូប ក្នុងវគ្គសិក្សាចំនួន៦ ក្នុងនោះមានមន្ត្រីនគរបាលជាស្ត្រីចំនួន១៨រូប។
បើតាម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ លទ្ធផលនេះ គឺជាមនុញ្ញផលមួយផ្នែកធំ កើតចេញពីការផ្ដួចផ្ដើម និងដឹកនាំតម្រង់ទិស របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលនីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើក្រឡេកថយក្រោយ គិតចាប់ពីពេលបង្កើតឡើង កាលពីឆ្នាំ២០១០ សាលាមួយនេះ បានបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ សរុបជិត៥ពាន់នាក់ ក្នុងវគ្គសិក្សាជាង៤០។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ មានប្រសាសន៍ថា មានជំនាញពិសេសចំនួន ១៤ គឺ១.ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ២.ជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ៣.ជំនាញការពារគោលដៅ ៤.ជំនាញអន្តរាគមន៍ពិសេស ៥.ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង ៦.ជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល ៧.ជំនាញការពារទប់ទល់បាតុកម្ម ៨.ជំនាញសន្តិសុខផ្ទៃក្នុង ៩.ជំនាញកសាងបណ្តាញ មូលដ្ឋានសម្ងាត់ របស់កងកម្លាំងសន្តិសុខ ១០.ជំនាញបច្ចេកទេសព្រហ្មទណ្ឌ ១១.ជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ ១២.ជំនាញប្រឆាំងភេរវកម្ម ១៣.ជំនាញចរាចរណ៍ផ្លូវគោក និង ១៤.បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌។
យោងតាមរបាយការណ៍បណ្ឌិត្យសភា នគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់មន្ត្រីនគរបាលជាតិ ដែលបាននិងកំពុងបំពេញការងារនៅតាមអង្គភាព ជំនាញ ចំណុះក្រសួងមហាផ្ទៃ និងតាមរយៈការចាត់បញ្ជូន ឱ្យចូលសិក្សាស្រប តាមផែនការបណ្ដុះបណ្ដាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងតម្រូវការ របស់អង្គភាពប្រើប្រាស់កងកម្លាំង៕
