ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអ៊ែល បញ្ជាឱ្យយោធារៀបចំផែនការ ដើម្បីបន្តការវាយលុក នៅតំបន់ហ្គាហ្សា ប្រសិនបើបទឈប់បាញ់ដួលរលំ

យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់ មិនដកកងទ័ព និងប្រគល់សាកសព ចំណាប់ខ្មាំងទាំងអស់ ដែលខ្លួនកាន់កាប់នោះ អ៊ីស្រាអែល នឹងត្រឡប់ទៅរកការប្រយុទ្ធវិញ ។ ការគំរាមកំហែងនេះបានកើតឡើងនៅថ្ងៃទី៦ នៃបទឈប់បាញ់ដ៏ផុយស្រួយ ខណៈដែលក្រុមហាម៉ាស់ បានប្រគល់អដ្ឋិធាតុ នៃចំណាប់ខ្មាំងពីរនាក់ទៀត ហើយបានបញ្ជាក់ថា ពួកគេគឺជាសាកសពចុងក្រោយ នៅក្នុងមន្ទីរឃុំឃាំងរបស់ខ្លួន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បានឲ្យដឹងថា “ប្រសិនបើក្រុមហាម៉ាស់ មិនព្រមអនុវត្ត តាមកិច្ចព្រមព្រៀងនោះ អ៊ីស្រាអែល ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក នឹងត្រលប់ទៅរកការប្រយុទ្ធ និងធ្វើសកម្មភាពដើម្បីសម្រេចបាន នូវការបរាជ័យទាំងស្រុងរបស់ក្រុមហាម៉ាស់ កែប្រែស្ថានការណ៍នៅតំបន់ហ្គាហ្សា និងសម្រេចបាននូវគោលបំណងទាំងអស់ នៃសង្រ្គាមរបស់ខ្លួន” ។

នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធជាមួយប្រធានបុគ្គលិក និងមន្ត្រីយោធាជាន់ខ្ពស់ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បានណែនាំយោធាឱ្យរៀបចំ “ផែនការដ៏ទូលំទូលាយមួយ ដើម្បីកំទេចក្រុមហាម៉ាស់” ប្រសិនបើអ៊ីស្រាអែល សម្រេចចិត្តបន្តយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្គាហ្សា។ លោកបានលើកឡើងថា ផែនការនេះត្រូវបានព្រាងប្រសិនបើក្រុមហាម៉ាស់ “បដិសេធមិនអនុវត្តផែនការ របស់លោក ដូណាល់ ត្រាំ ហើយការប្រយុទ្ធតែត្រូវបន្ត” ។

លោក បានបន្ថែមថា ក្រោមផែនការរបស់លោក ដូណាល់ ត្រាំ ក្រុមហាម៉ាស់ត្រូវប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់ទាំងអស់នៅក្នុងការឃុំឃាំង និងដកហូតអាវុធរបស់ខ្លួន។ លោកបានបន្ដថា អ៊ីស្រាអែល រួមជាមួយនឹងកម្លាំងអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក “នឹងបំផ្លាញផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីធានាថាក្រុមនេះគ្មានយោធា ហើយមិនបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល”។

បទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក តួកគី កាតា និងអេហ្ស៊ីប បានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីការទម្លាក់ គ្រាប់បែករបស់អ៊ីស្រាអែលជាងពីរឆ្នាំ ដែលយោងទៅ តាមរបាយការណ៍បានបណ្តាល ឱ្យកើតមានគ្រោះទុរ្ភិក្ស បន្សល់ទុកនូវបរិក្ខារបាក់បែក និងបានសម្លាប់មនុស្សជិត ៧ម៉ឺន នាក់ ជាមួយនឹងអង្គការសហប្រជាជាតិ អ្នកជំនាញការ និងក្រុមជំនួយអន្តរជាតិ បានព្រមានអ៊ីស្រាអែល ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ៕

To Top