អភិបាលរង ក្រុងពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំការងារ ទីក្រុងស្អាត !

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលក្រុងពោធិ៍សាត់ បានបើកកិច្ចប្រជុំការងារ «ទីក្រុងស្អាត» ដើម្បីពិនិត្យ និងដាក់ចេញផែនការអនុវត្តជាក់ស្ដែងដល់បណ្តាសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពលោក ក្រូច សុខុន អភិបាលរងក្រុង តំណាងលោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់។

លោក ក្រូច សុខុន បានសង្កត់ធ្ងន់ថា ការងារ «ទីក្រុងស្អាត» គឺជាភារកិច្ចចម្បង ដែលត្រូវរួមគ្នា អនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងដើម្បីទាក់ទាញភ្ញៀវទេសចរ។

របៀបវារៈសំខាន់ៗដែលត្រូវបានដាក់ចេញនៅក្នុងផែនការរួមមាន៖
១. ពង្រឹងការងារអនាម័យ និងការគ្រប់គ្រងសំរាម៖ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមត្រឹមត្រូវ និងកំណត់តំបន់ប្រមូលសំរាមឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានស្អាត។
២. រៀបចំសណ្ដាប់ធ្នាប់សាធារណៈ៖ ត្រួតពិនិត្យ និងរៀបចំតូបលក់ដូរ យានយន្ត និងសម្ភារផ្សេងៗ ដែលដាក់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដោយត្រូវអនុវត្តតាមគោលការណ៍ «មេត្តាធម៌» រួមផ្សំជាមួយ «វិធានការច្បាប់»។
៣. លើកកម្ពស់សោភ័ណភាពមូលដ្ឋាន៖ ជំរុញឲ្យមានការដាំដើមឈើលម្អ សម្អាតបរិវេណផ្ទះ និងទីសាធារណៈឲ្យបានស្អាត និងភ្លឺថ្លា។
៤. ការអប់រំ និងផ្សព្វផ្សាយ៖ ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឲ្យយល់ដឹងពីសារៈសំខាន់នៃការចូលរួមកសាង «ទីក្រុងស្អាត»។

លោកអភិបាលរងក្រុង បានណែនាំដល់គណៈអភិបាលសង្កាត់ទាំង៧ និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងអនុវត្តផែនការដែលបានដាក់ចេញនេះ ឲ្យបានជាប់ជាប្រចាំ ចាប់ពីពេលនេះតទៅ ដើម្បីធ្វើឲ្យក្រុងពោធិ៍សាត់ ក្លាយជាទីក្រុងគំរូ ប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អ៕
ប្រភព&រូបភាព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
