ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ធ្វេីការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែង ថា អាជ្ញាធររាជធានីភ្នំពេញ បានពង្រឹងការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ដេីម្បីបម្រើដល់ផលប្រយោជន៍ និងតម្រូវការនានា ជូនពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ លោកប្រធានក្រុមប្រឹក្សា បានលេីកឡេីងថា ការកំណត់ អាទិភាពនៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើង របស់ប្រជាពលនៅមូលដ្ឋាន តាមរយៈផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ នៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកបញ្ជាក់ទៀតថា រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានលេីកឡេីងថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋ ស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹក នៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្រ្តីនរគបាល សម្រួលចរាចរណ៍ នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន និងការស្នើសុំដាក់លូ បន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។

ជាងនេះទៅទៀត លោកអភិបាលរង ក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍ នៅតាមទីតាំងផ្លូវខ្វាត់ខែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top