រដ្ឋមន្រ្តីកសិកម្ម ៖ ការរំដោះ និងកម្ចាត់មីន ជួយកាត់បន្ថយគ្រោះថ្នាក់កសិករ

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរំដោះនិងកម្ចាត់មីន ព្រមទាំងកាកសំណល់ជាតិផ្ទុះ ពីសម័យសង្គ្រាម ពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យកសិកម្ម ដោយជួយកាត់បន្ថយ ផលប៉ះពាល់ដល់ប្រជាកសិករ។
ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ស្ថិតក្រោមមូលបទ «កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះ ទៅកម្ពុជាជាមួយគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» នៅថ្ងៃទី១៦ តុលា លោក ឌិត ទីណាបានថ្លែងថា ការរំដោះនិងកម្ចាត់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានសារៈសំខាន់ណាស់ ក្នុងវិស័យកសិកម្ម ដោយជួយកាត់បន្ថយ ផលប៉ះពាល់ដល់ប្រជាកសិករ និងផ្តល់នូវសុខសុវត្ថិភាព សម្រាប់ដីធ្វើកសិកម្ម ដែលជាភាពចាំបាច់ ក្នុងការគាំទ្រការចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រកបដោយនិរន្តរភាព។

លោកបន្តថា មកដល់ពេលនេះកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចប់សព្វគ្រប់នៅខេត្តចំនួន១៥ ប៉ុន្តែនៅមានខេត្តចំនួន ១០ទៀតដែលរួមមាន ៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារជាដើម នៅមិនទាន់បញ្ចប់ការបោសសម្អាត ដោយសារខេត្តទាំងនេះ មានប្រវត្តិសាស្ត្រសង្គ្រាមរ៉ាំរ៉ៃ ហើយជាពិសេសតំបន់មួយចំនួននៅ មិនទាន់កំណត់ព្រំដែនអន្តរជាតិ ចប់សព្វគ្រប់។
លោករដ្ឋមន្រ្តី មានបំណង ចង់ឱ្យដីទាំងអស់ ក្លាយជានិមិត្តសញ្ញានៃក្តីសង្ឃឹម វាលបៃតងស្រស់ ដែលកើតចេញពីការខិតខំប្រឹងប្រែង គ្រប់តួអង្គពាក់ព័ន្ធ ជាមួយនឹងការប្តេជ្ញាចិត្ត និងការចូលរួមសហការរួមគ្នា ដើម្បីបេសកកម្មកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង និងការកសាងនូវសហគមន៍ជនបទ រួមគ្នាក្រោមម្លប់សុខសន្តិភាព ៕
