ព័ត៌មានជាតិ

អ្នកវិភាគ ចាត់ទុកការកើនឡើង សហជីពជិតដល់៧ពាន់ គឺជាឋានសួគ៌ នៃសេរីភាពសហជីពនៅកម្ពុជា

ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជា បានចាត់ទុកការកើនឡើងចំនួនអង្គការវិជ្ជាជីវៈ ខាងកម្មករនិយោជិត រហូតជិតដល់ ៧ពាន់ថាជាឋានសួគ៌ នៃសេរីភាពសហជីពនៅកម្ពុជា ពោលគឺសហជីពនៅកម្ពុជា កំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន បានយ៉ាងពេញលេញស្របតាមច្បាប់។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំនួនសហជីពមានជិតដល់ ៧ពាន់ ខណៈរោងចក្រមានចំនួនតិចជាង នេះគឺជាឋានសួគ៌ នៃសេរីភាពសហជីពនៅកម្ពុជា ដែលបង្ហាញពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិរបស់កម្មករនិយោជិត ត្រូវបានអនុវត្តយ៉ាងពេញលេញ។

លោកថ្លែងថា៖«នេះជាឋានសួគ៌នៃសេរីភាព សហជីពនៅកម្ពុជា ថែមទាំងទទួលបានការងារធ្វើ មានសិទ្ធិពេញលេញ នៅក្នុងទស្សនការពារផល ប្រយោជន៍របស់ក្រុមខ្លួន នៅក្នុងការងារសហជីព អ៊ីចឹងខ្ញុំគិតថា នេះជាឋានសួគ៌មួយនៃសេរីភាពសម្រាប់ការបញ្ចេញមតិ នៃបងប្អូនកម្មករនិយោជិតរបស់យើង ក្នុងកម្រិតក្របខណ្ឌវិជ្ជាជីវៈ»។

រីឯលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញ ទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីរីករាយនៅពេលឃើញច្បាប់ មានការបើកចំហរសិទ្ធិសេរីភាពបានទូលំទូលាយ ដែលសហជីពមានចំនួនច្រើនជាងរោងចក្រសហគ្រាស។

លោកថ្លែងថា ៖ «ខ្ញុំសប្បាយចិត្តនៅពេល ដែលឃើញច្បាប់ បើកចំហរសិទ្ធិសេរីភាពឱ្យបានទូលំទូលាយ កំណត់រហូតដល់សហជីព មានច្រើនជាងរោងចក្រ សហគ្រាសទៅទៀត ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុឆ្ឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា កុំឱ្យទាញផលប្រយោជន៍ អំពីអ្វីដែលជាតួនាទីពាក់ព័ន្ធ»។

គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ នៅក្នុងប្រទេសកម្ពុជា មានសហជីព ដែលបានចុះបញ្ជិការបានកើនឡើងជិតដល់ ៧ពាន់ ដោយក្រសួងការងារបានបញ្ជាក់ថា នេះជាលទ្ធផល នៃការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ៕

To Top