ក្រសួងបរិស្ថាន ដាក់ចេញវិធានការ ដើម្បីបន្តជំរុញការ អនុវត្តការងារគ្រប់គ្រងសំរាម

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ មួយចំនួនដល់មន្ទីរបរិស្ថាន រាជធានី-ខេត្ត ដើម្បីបន្តជំរុញការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»។
កន្លងមក ក្រសួងបរិស្ថាន បានដាក់ចេញ នូវយុទ្ធនាការនានា ជាបន្តបន្ទាប់ដែលរួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»។
តាមរយៈយុទ្ធនាការ ទាំងនេះ បានធ្វើឱ្យសហគមន៍ សាលារៀន វត្តអារាម និងដងផ្លូវជាតិសំខាន់ៗ មានភាពស្អាត ស្របតាម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលស្ថិតនៅលើមុំ “ភាពស្អាត» ដែលទទួលបានលទ្ធផលល្អគួរឱ្យកត់ សម្គាល់។
ក្នុងន័យនេះ ដើម្បីបន្តការអនុវត្តយុទ្ធនាការខាងលើឱ្យទទួលជោគជ័យ និងភាពស្អាតទូទាំង ប្រទេសនៅក្នុងពាក់កណ្តាលឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវវិធានការមួយចំនួនដល់មន្ទីរបរិស្ថាន រាជធានី-ខេត្ត ដើម្បីបន្តជំរុញការអនុវត្ត ដូចជា ៖សហការជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ បន្តអនុវត្តសកម្មភាពយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន និង «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»។
ក្រសួង បន្ដថា ជំរុញការទុកដាក់សំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅតាមប្រភពបញ្ចេញ។ ណែនាំដល់ក្រុមហ៊ុនឯកជន អ្នកម៉ៅការភាស៊ីផ្សារ និងអ្នកម៉ៅការប្រមូល សម្អាត និងដឹក ជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ បន្តអប់រំនិងផ្សព្វផ្សាយដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករ និងកម្មករ-កម្មការនី ឱ្យ បានយល់ដឹងបន្ថែមពីផលប៉ះពាល់នៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមិនបាន ត្រឹមត្រូវ និងសុខភាពសាធារណៈ៕
