ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោក ម៉ូឌី ធានាដល់លោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានធានាគាត់ថា ប្រទេសរបស់លោក នឹងមិនទិញប្រេងពីរុស្ស៊ីទៀតទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ក្យូដូជប៉ុន។

ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅឯសេតវិមាន លោក ត្រាំ បានឲ្យដឹងថា “នោះជាការឈប់ដ៏ធំមួយ។ ឥឡូវនេះ ខ្ញុំត្រូវតែឱ្យប្រទេសចិនធ្វើរឿងដូចគ្នា” ។ អស់ជាច្រើនខែមកហើយ ដែលលោក ត្រាំ បានជំរុញឱ្យចិន និងឥណ្ឌា បញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយគំរាមយកពន្ធខ្ពស់លើការនាំចូលពីប្រទេសទាំងពីរ ប្រសិនបើពួកគេមិនសហការ។

លោក ត្រាំ បានអះអាងថា លោក ម៉ូឌី បានធ្វើការធានាកាលពីថ្ងៃពុធ ដោយបន្ថែមថា សម្រាប់ប្រទេសឥណ្ឌា ក្នុងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ីនឹង “ដំណើរការបន្តិច” ប៉ុន្តែការងារបែបនេះនឹងចាប់ផ្តើម “ក្នុងពេលឆាប់ៗនេះ”។ នៅក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន លោក ត្រាំ បានចោទប្រកាន់ប្រទេសចិន និងឥណ្ឌាថាជា “អ្នកផ្តល់មូលនិធិចម្បង” នៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០២២ ។

ការដាក់ទណ្ឌកម្មពន្ធ ៥០ ភាគរយ របស់លោក ត្រាំ លើការនាំចូលរបស់ឥណ្ឌាបានចូលជាធរមាននៅក្នុងខែសីហា ដែលធ្វើឱ្យប្រទេសដែលមានប្រជាជន ច្រើនជាងគេលើពិភពលោក ទទួលរងនូវពន្ធអាករខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលជាអត្រាមួយក៏ត្រូវបានដាក់លើប្រទេសប្រេស៊ីលផងដែរ។ ស្របគ្នានោះ សហរដ្ឋអាមេរិកបាននឹងកំពុងអំពាវនាវឱ្យសមាជិក នៃក្រុមទាំងប្រាំពីរ បង្កើនសម្ពាធលើរុស្ស៊ី និងរួមចំណែកកាត់ផ្តាច់ប្រាក់ចំណូលដែលផ្តល់មូលនិធិ ធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top