កម្ពុជា សង្ឃឹមថា អ៊ុយក្រែន នឹងទទួលបានសន្តិភាពឆាប់ៗនេះ ខណៈសន្តិភាព មិនអាចកើតមានឡើង តាមរយៈប្រើប្រាស់អាវុធនោះទេ

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានសង្ឃឹមថា ប្រទេសអ៊ុយក្រែន នឹងទទួលបានសន្តិភាពឆាប់ៗ នៅពេលខាងមុខដ៏ខ្លីនេះ ហើយសន្តិភាពមិនអាចកើតមានឡើង តាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងនោះទេ ។

ការលើកឡើងរបស់ លោក ហេង រតនា នាឱកាសអញ្ជើញទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ន សម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។
ក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក HIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។

លោក ហេង រតនា បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់រីករាយនឹងចែករំលែកបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីនជូនដល់បុគ្គលិកSESU ដើម្បីធ្វើប្រតិបត្តិការដែលរង ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។

បន្ថែមពីនេះ លោក អគ្គនាយក សង្ឃឹមថា «ប្រទេសអ៊ុយក្រែននឹងទទួលបានសន្តិភាពឆាប់ៗ នៅពេលខាងមុខដ៏ខ្លីនេះ ដែលជាគ្រឹះសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសឡើងវិញក្រោយសង្រ្គាម ។ សន្តិភាពមិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវកើតឡើង ដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះ ទាំងកម្រិតទ្វេភាគី និងអន្តរជាតិ»។
មានមតិក្នុងឱកាសជំនួបពិភាក្សាការងារ លោក Reva Serhii បានជម្រាបជូន លោក ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០គីឡូម៉ែត្រក្រឡា ដែលជាតំបន់រងផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។

លោក ក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុននៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែន ក្នុងការសហការជាមួយ អង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីន ឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាននិងកំពុងផ្តល់ ការបណ្តុះបណ្តាលដល់សិក្ខាកាម អ៊ុយក្រែន ដែលនឹងពាំនាំបទពិសោធន៍នេះ ទៅបម្រើក្នុងបោសសម្អាត សំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញ៉ាំញីដោយសង្រ្គាម៕
