លោក ត្រាំ គំរាមលូកដៃចូល និងកំទេចសមាជិកក្រុមហាម៉ាស់ ប្រសិនបើការ សម្លាប់នៅតំបន់ហ្គាហ្សា នៅតែបន្ត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹង «ចូលទៅសម្លាប់» សមាជិកក្រុម ហាម៉ាស់ បន្ទាប់ពីវីដេអូ មួយបាន លេចចេញឡើង បង្ហាញពីខ្មាន់កាំភ្លើងដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹង ក្រុមនេះ ដែលកំពុងអនុវត្ត ការប្រហារជីវិតជាសាធារណៈនៅតំបន់ហ្គាហ្សា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងប ទឈប់បាញ់បានចូលជាធរមាន។
លោក ត្រាំ បានសរសេរ នៅលើបណ្ដាញ Truth Social របស់លោកថា “ប្រសិនបើក្រុមហាម៉ាស់ បន្តសម្លាប់ប្រជាជននៅតំបន់ ហ្គាហ្សា ដែលមិនមែន ជាកិច្ចព្រមព្រៀង យើងនឹងគ្មានជម្រើសអ្វី ក្រៅពីចូលទៅសម្លាប់ពួកគេនោះទេ”។
លោក ដូណាល់ ត្រាំ បានប្រាប់ កាសែត CNN កាលពីថ្ងៃពុធថា លោកនឹងពិចារណាអនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្តសកម្មភាពយោធានៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ មិនព្រមគោរពតាមលក្ខខណ្ឌបទឈប់បាញ់។
នៅពេលសួរថាតើនឹងមានអ្វីកើតឡើង ប្រសិនបើក្រុមហាម៉ាស់ មិនព្រមដកអាវុធ លោក ត្រាំ បានឧ្យដឹងថា “អ៊ីស្រាអែល នឹងត្រលប់ទៅតាមផ្លូវទាំងនោះវិញភ្លាមៗ នៅពេលដែលខ្ញុំនិយាយពាក្យនេះ។ ប្រសិនបើអ៊ីស្រាអែលអាចចូលទៅក្នុង និងគប់គ្រាប់បែកចេញពីពួកគេ ពួកគេនឹងធ្វើវា” ។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀង អ៊ីស្រាអែល-ហាម៉ាស់ ដំណាក់កាលដំបូងនៃបទឈប់បាញ់រួម មានការដកកងទ័ពអ៊ីស្រាអែលចេញពីទីក្រុងហ្គាហ្សា ទីក្រុងរ៉ាហ្វា ទីក្រុងខាន់យូនីស និងភាគខាងជើងហ្គាហ្សា រួមជាមួយនឹងការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស និងការបើកច្រកឆ្លងកាត់ចំនួន៥ សម្រាប់ជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា
