រកឃើញរោងចក្រផលិតបារី នៅខេត្តតាកែវ ដំណើរការមិនគោរពត្រឹមត្រូវ ច្បាប់បរិស្ថាន

ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង ឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថាន ខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ តុលា នេះ ថា ក្រុមការងារ បានពិនិត្យឃើញថា រោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។

ក្រុមការងារ បានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។ ជាមួយគ្នានេះ រោងចក្របាន ដំណើរការអាជីវកម្ម ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។

នៅចំពោះមុខ ក្រុមការងារបាន ចាត់វិធានការច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ដូចជា៖ ត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាត ក្លិននៅអគារផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបំពាក់ប្រព័ន្ធសម្អាតផ្សែងនៅឡសម្ងួតឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់។ ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។
ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍និងផ្តល់ព័ត៌មានពិត ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងបានចូលរួមសាមគ្គីក្នុងការរៀបចំកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត តរហូតទៅ៕
