ព័ត៌មានជាតិ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ​ ជំរុញប្រធាន សហព័ន្ធសហជីព ត្រូវខិតខំពង្រឹងតួនាទី និងធ្វើការ ឱ្យបានជិតស្និទ្ធជាមួយ សហជីពមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជំនួបនេះរៀបចំឡើងជាប្រចាំ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់បាននូវបញ្ហាប្រឈមនានា ជាពិសេសបញ្ហាវិវាទការងារ និងបាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅកន្លែងធ្វើការងារ។

ថ្លែងនៅក្នុងពិធីនេះ លោករដ្ឋលេខាធិការ បានកោតសរសើរ ចំពោះបងប្អូនសហជីព ដែលកន្លងមកបានរួមចំណែក ក្នុងការចូលរួមគ្រប់សកម្មភាព ទាំងការងារដែលជាសកម្មភាពសហជីព និងការងារសង្គម ក្នុងស្មារតីរួមគ្នាជួយអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះលោកក៏បាន ជំរុញឱ្យប្រធានសហព័ន្ធសហជីព ត្រូវខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធ ជាមួយសហជីពមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យរាយការណ៍អំពីបញ្ហាវិវាទការងារ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីក្រសួងអាចជួយអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា ជូនបងប្អូនកម្មករនិយោជិត។

លោករដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យបងប្អូនប្រធានសហព័ន្ធសហជីព ត្រូវបន្តពង្រឹងសមត្ថភាពសហជីពមូលដ្ឋាន ឱ្យមានការជឿទុកចិត្តពីកម្មករនិយោជិតដែលជាសមាជិក ដើម្បីធ្វើជាតំណាងបងប្អូនដោះស្រាយបញ្ហា ដែលក្រសួងបានខិតខំ ផ្តល់គ្រប់មធ្យោយបាយ ទំនាក់ទំនងគ្រប់ប្រភេទសម្រាប់ផ្តល់ព័ត៌មានមកក្រសួង មានទាំងលេខទូរសព្ទមន្រ្តី ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខ Hotline ១២៨៦ សម្រាប់ជួយអន្តរាគមន៍ សម្របសម្រួលដោះស្រាយ ដោយមន្រ្តីអធិការកិច្ចការងារ ជាមួយតំណាងម្ចាស់រោងចក្រ សហគ្រាស ដើម្បីចៀសវាងឱ្យបានពេលមានបញ្ហាកើតឡើង ទុកឱ្យបងប្អូនកម្មករផ្ទុះការតវ៉ាដោយខុសនីតិវិធី ហើយករណីខ្លះឈានទៅបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់៕

To Top