ព័ត៌មានជាតិ

សម្តេចធិបតី សង្ឃឹមថា វីរកងទ័ពកម្ពុជា១៨រូប​ នឹងមានការដោះលែងមកវិញឆាប់ៗ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលយោធាថៃចាប់ខ្លួន ក្រោយមានកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវភាគីថៃដោះលែងមកវិញឆាប់ៗនេះ ។

សម្តេចបន្តថា ការលើកឡើងរបស់សម្តេចនេះ ដោយសារមានមតិមួយចំនួនបានបើកការ វាយប្រហារមកលើកកម្ពុជាថា បានដោះដូរដីនៅចំណុចណាមួយជាមួយភាគីថៃ ដើម្បីជាថ្នូរនឹងព្រមព្រៀងសន្តិភាព ដែលនឹងចុះហត្ថលេខា នៅពេលខាងមុខ ក្នុងកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី ក្នុងនោះក៏ចំណុចនៃការដោះលែងទ័ពកម្ពុជាទាំង១៨រូបនេះផងដែរ ។

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “យើងសង្ឃឹមថា ការដោះលែងគាត់នឹងបានវិលត្រឡប់មកវិញឆាប់ៗខាងមុខនេះ ។ យើងមិនបន្តបោះបង់គាត់ចោលនោះទេ ។ នេះគឺជាការស្តារឡើងវិញ ។ ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នា សូមឲ្យជឿលើរដ្ឋាភិបាល ។ យើងមិនបានបោះបង់សិទ្ធិរបស់យើង ឬមួយបោះបង់ការចរចា បទឈប់បាញ់ ឬសន្តិភាពក្នុងការដោះដូរដីទេ”។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២០ តុលានេះ គឺជាថ្ងៃទី៨៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ជាមួយនឹងការចាប់ខ្លួននេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំ ក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

To Top