ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ច្រានចោល ចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិត ថា «ឧបនាយករដ្ឋមន្ត្រី ស សុខា ជាប់ពាក់ព័ន្ធជាមួយ អាជីវកម្មកាស៊ីណូ ជីន ប៉ី ក្រុងព្រះសីហនុ»

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ ទាំងឡាយ​ដែលភ្ជាប់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងបញ្ហា អាជីវកម្មកាស៊ីណូ ជីន ប៉ី ក្រុងព្រះសីហនុ»។

ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយផ្អែកលើរបាយការណ៍ ដែលមានចរិត នយោបាយ ថា « ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា សហវិនិយោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នេះបើយោងតាម ចេញសេចក្ដីបំភ្លឺរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយ នាថ្ងៃទី២០ តុលា នេះ ស្ដីពី «ការមិនជាប់ពាក់ព័ន្ធរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) ក្រុងព្រះសីហនុ»។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា « ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ ទាំងឡាយដែលភ្ជាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងបញ្ហាខាងលើ» ។

ក្រសួង បន្ដថា ទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសនៃស្ថាប័នជាតិ ទាំងមូល និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសជះឥទ្ធិពល អវិជ្ជមានមកលើកិច្ចខិតខំ ប្រឹងប្រែងដែល លោក ស សុខា ដឹកនាំ និងសម្រេចបានលទ្ធផល នាពេល កន្លងមក ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ៕

To Top