លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ច ទៅកាន់ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ ខណៈលោកក៏ចង់ «ធ្វើល្អជាមួយប្រទេសចិន»។ ថ្វីបើមានភាពតានតឹងពាណិជ្ជកម្ម ជាថ្មីរវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ ក៏លោក ត្រាំ បានបង្ហាញ នូវសុទិដ្ឋិនិយមម្តងទៀត មុនពេលកិច្ចប្រជុំដែលអាចធ្វើទៅ បាននៅសប្តាហ៍ក្រោយជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក ត្រាំ បានឲ្យដឹងនៅឯសេតវិមាន ក្នុងអំឡុងការផ្លាស់ប្តូរយ៉ាងយូរ ជាមួយអ្នកសារព័ត៌មានថា “យើងនឹងមានកិច្ចព្រមព្រៀង ដោយយុត្តិធម៌។ ខ្ញុំចង់ធ្វើល្អជាមួយប្រទេសចិន ។ ខ្ញុំស្រឡាញ់ទំនាក់ទំនងរបស់ខ្ញុំជាមួយប្រធានាធិបតី ស៊ី ជីនពីង” ។ លោកក៏បានឲ្យដឹងផងដែរថា “យើងបានគិតថា នោះជាកន្លែងដ៏ល្អសម្រាប់ជួបគ្នា ហើយយើងនឹងជួប។ ខ្ញុំនឹងទៅម៉ាឡេស៊ី ខ្ញុំនឹងទៅប្រទេសជប៉ុន” ។
លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកគ្រោងនឹងធ្វើកិច្ចចរចាមួយទល់នឹងមួយជាមួយលោក ស៊ី ជីនពីង នៅពេលដែលទាំងពីរធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅចុងខែតុលា ប៉ុន្តែវាជាលើកទីមួយហើយដែលលោក ត្រាំ បាននិយាយជាសាធារណៈអំពីផែនការរបស់លោកទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុនផងដែរ។ លោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ។
ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេស ម៉ាឡេស៊ី សម្រាប់សន្និសីទថ្នាក់តំបន់ដាច់ ដោយឡែកដែលពាក់ព័ន្ធនឹងប្រទេសអាស៊ីអាគ្នេយ៍ និងដៃគូរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា
