ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កម្ពុជា ប្តេជ្ញាប្រឹងប្រែងប្រឆាំង សារធាតុហាមឃាត់ ក្នុងវិស័យកីឡា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទ លើកទី១០ និងខួបទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅ UNESCO Headquarters ទីក្រុងប៉ារីស ប្រទេសបារាំង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់រដ្ឋភាគី ដែលមកពី អឺរ៉ុប និងអាស៊ី ចំនួន ៦០ប្រទេស ដែលក្នុងនោះមានអ្នកចូលរួមប្រមាណ ៣០០នាក់ និងរដ្ឋមន្ត្រីនៃរដ្ឋភាគីពាក់ព័ន្ធប្រមាណ ៣០នាក់។

ជាផ្នែកមួយនៃរបៀបវារៈសន្និសីទលើកទី១០ និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ានេះ លោក ឧបនាយករដ្ឋមន្ត្រី ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ា(ទ.ក.ប.ដ) បានតំណាងកម្ពុជា ថ្លែងសុន្ទរកថា ស្តីពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំង សារធាតុហាមឃាត់ក្នុងវិស័យកីឡា និងបានចូលរួមអបអរសាទរ ប្រធានគណៈកម្មាធិការអនុម័តមូលនិធិ សម្រាប់ការលុបបំបាត់ការប្រើ សារធាតុហាមឃាត់ក្នុងកីឡា ដែលទើបត្រូវបានជ្រើសតាំងថ្មី។

តាមរយៈសុន្ទរកថា លោក ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃការប្រារព្ធខួបលើកទី២០ នៃអនុសញ្ញាប្រឆាំងការប្រើសារធាតុហាមឃាត់ ដែល ជាឱកាសឆ្លុះបញ្ចាំងពីវឌ្ឍនភាព រយៈពេលពីរទសវត្សរ៍នៃកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការការពារគុណតម្លៃ សីលធម៌ និងសុចរិតភាពក្នុងវិស័យកីឡា។ ខ្លឹមសារពិតរបស់កីឡាមិនគួរត្រូវបានកំណត់ត្រឹមតែការបំបែកកំណត់ត្រា និងការឈ្នះមេដាយនោះទេ ប៉ុន្តែត្រូវកំណត់ដោយការលើកតម្កើងគោលការណ៍ និងតម្លៃពិតប្រាកដនៃការខិតខំប្រឹងប្រែងតស៊ូជម្នះ។ គោលការណ៍នៃសុចរិតភាព សុខភាព និងយុត្តិធម៌គួរតែត្រូវបានបង្កប់នៅក្នុងរចនាសម្ព័ន្ធកីឡានៅទូទាំងពិភពលោក ក្នុងន័យនេះ លក្ខន្តិកៈ WADA ថ្មី គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាការគោរពនូវគោលការណ៍ និងគុណតម្លៃទាំងនេះ។

បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅឆ្នាំ ២០០៧មក រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនានា ដើម្បីពង្រឹងស្ថាប័នជាតិប្រឆាំងសារធាតុហាមឃាត់ (CADA) បង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ លើកកម្ពស់ការយល់ដឹង និងអប់រំគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ អំពីគ្រោះថ្នាក់នៃការប្រើ សារធាតុហាមឃាត់។ កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះអនុសញ្ញារបស់អង្គការយូណេស្កូ (UNESCO) លក្ខន្តិកៈ WADA និងស្តង់ដាអន្តរជាតិ ហើយប្តេជ្ញាចិត្តបង្កើតវេទិកាអនុលោមភាពជាតិ (National Compliance Platform) ស្របតាមប្រព័ន្ធអេកូឡូស៊ី សុចរិតភាព។

ក្នុងនាមជាប្រទេសភាគី កម្ពុជាសូមគាំទ្រលើលក្ខន្តិកៈ WADA ឆ្នាំ២០២៧ ដែលត្រូវបានកែសម្រួល ក៏ដូចជាយន្តការដែលបានស្នើឡើងថ្មី នៃប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ដោយខិតខំឆ្ពោះទៅរកការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Play True)៕

To Top