Covid-19

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើសពី២៥ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់រុស្ស៊ី បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ត្រូវបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩.៩៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ បានកើនឡើងដល់ ២៥២.២៤៥នាក់ ។

ទិន្នន័យដែលបានបង្ហាញ ដោយមជ្ឈមណ្ឌលបានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ការកើនឡើងបានធ្លាក់នៅក្រោម១០.០០០នាក់ សម្រាប់គ្រាដំបូង ក្នុងរយៈពេល១២ថ្ងៃកន្លងមកនេះ ។

នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់បានកើនឡើង ពី៩៣ដល់២.៣០៥នាក់ ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះ ពលរដ្ឋចំនួន៥៣.៥៣០នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់បញ្ចូលមនុស្ស ចំនួន៥.៥២៧នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។

ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកឆ្លងជំងឺថ្មី ចំនួន៤.៧១២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នាំឲ្យតួលេខនៃអ្នកឆ្លងជំងឺ សរុបមានរហូតដល់ ១៣០.៧១៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top