ភ្នំពេញ ៖ឆ្លើយតប នឹងសំណើសុំយោបល់ របស់រដ្ឋមន្រ្តីក្រសួងអប់រំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់ប្រញាប់ បើកសាលារៀនវិញទេ ហើយភោជនីយដ្ឋានណាមួយ មិនគោរព តាមណែនាំរបស់ក្រសួងសុខាភិបាល និងមិនមានអនាម័យ អាជ្ញាធរមូលដ្ឋាននឹងចុះបិទចោល ភ្លាមៗ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។
សូជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាកម្ពុជា បានព្យាបាល អ្នកជំងឺ កូវីដ-១៩ ជាសះស្បើយ ដែលកើតមានឡើងនៅកម្ពុជា ចំនួន១២១នាក់ ហើយអ្នក កំពុងសម្រាកព្យាបាលជំងឺ មានម្នាក់ ខណៈចំនួនអ្នកឆ្លងសរុបទាំង នៅកម្ពុជា មានចំនួន ១២២នាក់។
ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៥ ឧសភា នេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាលកូវីដ-១៩ បានសម្រេចជោគជ័យ។
សម្ដេចតេជោ មានប្រសាសន៍ថា «ការស្នើសុំណាមួយ ទាក់ទងការបើកសាលារៀន គឺមិនគួរ ត្រូវប្រញាប់ប្រញាលក្នុងការធ្វើទេ ។ ខ្ញុំបានយល់ព្រមការងារនេះជាមួយ ឯកឧត្តម ហង់ ជូន ណារុន ដើម្បីពន្យាការបើកសាលា ធ្វើយ៉ាងម៉េចឲ្យជីវិតមនុស្ស រស់បានគង់វង្សសិន ប្រសិន បើវាចូលក្នុងសាលា ស្មើនឹងចូលទៅកាន់សហគមន៍ ហើយជាក្រុមងាយគ្រោះបំផុត»។ សម្ដេចតេជោ បន្ដថា ចំពោះស្ថានភាពនៅកម្ពុជា ស្ទើរតែវិលត្រឡប់ដូចដើម ប៉ុន្ដែបញ្ហាទាំងនេះ «មិនតឹងពេក មិនធូរពេក»។
សម្ដេចតេជោ រៀបរាប់ថា មិនតឹងពេក ត្រង់ថា កម្ពុជាមិនដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ឬក៏មិនរឹតត្បិតក្នុងការជួបជុំ ដោយមិនកំណត់ចំនួនមនុស្ស។ សម្ដេចតេជោរំលឹកថា នាពេលកន្លងមក កម្ពុជាមិនបាន បិទផ្សារ អាគារលក់ដូរ ហាងលក់បាយ រោងចក្រ ជាដើម។
សម្ដេចតេជោ បន្ថែមថា នាពេលកន្លងមកកម្ពុជាបានបិទ សកម្មភាពមួយចំនួន ដូចជា សាលារៀន កន្លែងហាត់ប្រាណ ក្លឹបកម្សាន្ដ ខារ៉ាអូខេ កន្លែងគោរពសាសនាធំៗ និងការជួប ជុំគ្នាច្រើន។
សម្ដេចតេជោថា កម្ពុជាបន្ដ ពង្រឹងការងារនេះបន្ថែមទៀត តាមរយៈការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហា កូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរ ចាប់ ផ្ដើមដើរលេងកម្សាន្ដជាបណ្ដើរៗ ហើយប្រជាពលរដ្ឋត្រូវថែរក្សា សុខភាព និងអនាម័យ ។
សម្ដេចតេជោ សង្កេតឃើញថា នៅភោជនីយដ្ឋានមួយចំនួន មានការរក្សាគម្លាតយ៉ាងត្រឹម ត្រូវ ក្នុងទំនាក់ទំនងរវាង អ្នកទិញ និងអ្នកលក់។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏ផ្ដល់សិទ្ធិឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យមើលនៅ ភោជនីយដ្ឋានមួយចំនួន ប្រសិនបើគាត់ខ្វះអនាម័យ ត្រូវណែនាំគាត់ ប្រសិនបើគាត់មិនព្រម ធ្វើទៀត អនុញ្ញាត្តឲ្យប្រកាសបិទតែម្ដង។ បានសេចក្ដីថា បិទបណ្ដោះអាសន្ន ពីព្រោះអ្នកឯង មិនព្រមស្ដាប់ តាមការណែនាំរបស់អាជ្ញាធរ»។
សម្ដេចតេជោ បន្ថែមថា ម្ចាស់ភោជនីយដ្ឋាន ត្រូវស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីការពារសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងអ្នកប្រើប្រាស់ ។
សម្ដេចតេជោ ថា ការធ្វើបែបនេះ មិនសម្លាប់ប្រជាពលរដ្ឋខ្មែរទេ ដោយសាររឿងប៉ុណ្ណឹងនោះទេ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស កុំចង់មកស្រុកខ្មែរឡើយ រស់នៅទីនោះជាការល្អបំផុត ស្របពេលបញ្ហា កូវីដ-១៩ កំពុងកើតមានឡើង នៅក្នុងសកលលោក។ ព្រោះយើងមិនអាចដឹងថា កូវីដ-១៩ កើតមាន នៅកម្ពុជា ជាលើកទី២ឬអត់ឡើយ។
សម្ដេចតេជោថា «យើងបន្ដការរឹតត្បិត ចំពោះការចូលក្នុងប្រទេស សូម្បីតែជនជាតិខ្លួនឯង ក៏ត្រូវប្រុងប្រយ័ត្នដែរ។ វៀតណាម ឆ្លងថ្ងៃនេះ២៤នាក់ ហើយនាំចូលពីរុស្ស៊ីទាំងអស់ ដូច្នេះហើយ បានជាយើងត្រូវប្រយ័ត្នប្រយែងជាមួយ ម៉ាឡេស៊ី ចង់ដឹកពលរដ្ឋយើងមក ហើយ យើងក៏ត្រូវដាក់លក្ខខណ្ឌ ជាមួយម៉ាឡេស៊ី ឲ្យបានច្បាស់ជាមុនសិន»។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល មានកម្មវិធីគាំពារសង្គម នៅតែបន្ដធ្វើ ដើម្បីដោះស្រាយ ទុក្ខលំបាកប្រជាពលរដ្ឋ ដែលមាន ភាពក្រីក្រ ក្នុងពេលកម្ពុជាមានវិបត្តិសេដ្ឋកិច្ច ហើយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានអនុម័ត កម្មវិធី គាំពារសង្គម ផងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រី ថា «សូមឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រកាសចេញ (កម្មវិធីគាំពារសង្គម) ដើម្បីផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹង អំពីការអន្ដរាគមន៍ របស់យើងទៅលើបញ្ហាជីវភាព របស់ប្រជាជនសម្រាប់អ្នកក្រីក្រ ហើយយើងបានបង្កើនទុន គេហៅថា ថវិកាសម្រាប់ពលកម្ម»៕ ដោយ ៖ អេង ប៊ូឆេង