លោក ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលា ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាព បង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នា ទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាព ក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង ។

បន្ទាប់ពីពិធីប្រកាស បើកអង្គសិក្ខាសាលារួចមក លោកឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភី ផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពី សមិទ្ធផលសំខាន់ៗ របស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ផងដែរ។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារ សាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ កម្រិត៣ ទូទាំងប្រទេស ៕





